កំពង់ចាម ៖ ប្រជាកសិករដែលរស់នៅតំបន់ទំនាប នៅក្នុងស្រុកកំពង់សៀម ខេត្តកំពង់ចាម ជាច្រើនគ្រួសារបានបង្កបង្កើនផលដំណាំប៉ិកួៈហើយ ខណៈរដូវរំហើយបានមកដល់ និងទឹកបានស្រកទៅវិញអស់ ។
ប្រជាកសិករដែលរស់នៅតាមជួរមាត់ទន្លេ មានឃុំកៀនជ្រៃ ឃុំរអាង ឃុំរំចេក ឃុំហាន់ជ័យ នៃស្រុកកំពង់សៀម ខេត្តកំពង់ចាម បាននាំគ្នាបង្កបង្កើនផលដំណាំប៉ិកួៈ ព្រោះផ្ទៃដីស្រែចំការនៅតំបន់នេះ មានជីវជាតិល្អដីប្រភេទល្បាយខ្សាច់ និងងាយស្រួលថែទាំដំណាំផងដែរ។
កសិករដែលកំពុងដាំប៉ិកួៈ បានប្រាប់ឲ្យដឹងថា ឆ្នាំនេះទឹកជំនន់បានជន់លិចផ្ទៃដីស្រែចំការមួយចំនួន ដោយសារផ្ទៃចម្ការខ្លះទាប ក្រោយពីទឹកស្រកទៅវិញអស់ ពលរដ្ឋនៅតំបន់នេះ បានភ្ជួររាស់ដីបង្កបង្កើនផលដំណាំកសិកម្មដូចជា ប៉ិកួៈ សណ្តែកដី ត្រសក់ និងពោតជាដើម ខណៈដីមានជីវជាតិល្អ អំណោយផលការលូតលាស់បានល្អ និងធន់ជម្ងឺទៀតផង។
កសិករបានរំពឹងទុកថា ឆ្នាំនេះបើទោះបីមានវិបត្តិកូវីដ-១៩ យ៉ាងណាក៏ដោយ តែសុំឲ្យតែតម្លៃបានខ្ពស់ និងទទួលទិន្នផលបានច្រើន។
ក្នុងរយៈពេលបីខែទៀត ដំណាំប៉ិកួៈរបស់អ្នកកំពង់សៀម នឹងទទួលផលហើយ បន្ទាប់ពីប្រមូលផលប៉ិកួៈកសិករនៅតំបន់នេះ ចាប់ផ្តើមនាំគ្នាំដាំដំណាំ រួមផ្សំ មានពោត សណ្តែកដី ត្រសក់ស្រូវ និងម្ទេស ...ជាដើម ៕




