កូរ៉េខាងត្បូង បានលើកឡើងយ៉ាងខឹងសម្បារកាលពីថ្ងៃអង្គារ (២១ មករា) សប្ដាហ៍នេះថា ការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើង គឺជាតម្រូវការចាំបាច់សម្រាប់ស្ថិរភាពពិភពលោក បន្ទាប់ពីលោកប្រធានាធិបតី Donald Trump បានពណ៌នារដ្ឋផ្តាច់ខ្លួនមួយនេះថាជា "មហាអំណាចនុយក្លេអ៊ែរ" ដែលធ្វើឱ្យមានការព្រួយបារម្ភថា សហរដ្ឋអាមេរិក អាចនឹងឈានទៅរកការទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋមានអាវុធនុយក្លេអ៊ែរ។

ចាប់តាំងពីអាណត្តិពីមុនរបស់លោក Trump មេដឹកនាំកូរ៉េខាងជើង លោក Kim Jong Un បានប្តេជ្ញាថានឹង "ពង្រីក" នូវឃ្លាំងអាវុធនុយក្លេអ៊ែរ និងបង្កើនការសាកល្បងអាវុធ រួមទាំងមីស៊ីលដែលមានសមត្ថភាពបាញ់ដល់ទ្វីបអាមេរិក និងគ្របពីលើសម្ព័ន្ធមិត្តសន្ធិសញ្ញារបស់អាមេរិក គឺទីក្រុងសេអ៊ូល។

លោកប្រធានាធិបតីថ្មី Trump ដែលបានជួបជាមួយលោក Kim បីដងក្នុងអំឡុងពេលអាណត្តិដំបូងរបស់ខ្លួនដើម្បីពិភាក្សាពីកម្មវិធីអាវុធដែលដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិរបស់កូរ៉េខាងជើង បានលើកឡើងដោយរីករាយកាលពីថ្ងៃចន្ទ ពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយលោក Kim ដោយនិយាយថា មេដឹកនាំទាំងពីររូបចូលចិត្តគ្នាទៅវិញទៅមក។

លោក Pete Hegseth ប្រមុខការពារជាតិរបស់លោក Trump ក៏បានហៅកូរ៉េខាងជើងថាជា "អំណាចនុយក្លេអ៊ែរ" ក្នុងអំឡុងពេលសវនាការបញ្ជាក់តំណែងរបស់ព្រឹទ្ធសភាកាលពីសប្តាហ៍មុនផងដែរ។ គេមិនច្បាស់ទេថាការលើកឡើង "មហាអំណាចនុយក្លេអ៊ែរ" ពីលោក Trump និងលោក Hegseth មានន័យយ៉ាងណា ខណៈមន្ត្រីអាមេរិក តែងបញ្ចៀសការប្រើឃ្លានេះ ព្រោះអាចជាសញ្ញានៃការទទួលស្គាល់កូរ៉េខាងជើង ជារដ្ឋដែលមានអាវុធនុយក្លេអ៊ែរ៕