អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃពុធថា មនុស្សជិត ៦លាននាក់ នៅក្នុងប្រទេសសូម៉ាលីដែលស្ទើរតែមួយភាគបីនៃចំនួនប្រជាជនរបស់ប្រទេសនេះ ត្រូវការជំនួយមនុស្សធម៌ ក្នុងឆ្នាំនេះ ខណៈដែលខ្លួន បានចាប់ផ្តើមការអំពាវនាវសុំជំនួយចំនួន ១,៤៣ពាន់លានដុល្លារ។

ប្រទេសញកអាហ្វ្រិក (Horn of Africa) គឺជាប្រទេសក្រីក្របំផុតមួយរបស់ពិភពលោក ដែលស៊ូទ្រាំអស់ជាច្រើនទសវត្សរ៍នៃសង្រ្គាមស៊ីវិល ការបះបោរបង្ហូរឈាមដោយក្រុម Al-Shabab មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា និងគ្រោះមហន្តរាយអាកាសធាតុជាញឹកញាប់។

សេចក្តីថ្លែងការណ៍របស់ទីភ្នាក់ងារមនុស្សធម៌របស់អង្គការសហប្រជាជាតិ OCHA បានបញ្ជាក់ថា៖«ប្រទេសសូម៉ាលី នៅតែបន្តប្រឈមមុខនឹងវិបត្តិមនុស្សធម៌ដ៏ស្មុកស្មាញ និងអូសបន្លាយពេលយូរ ដោយលើកឡើងពីបញ្ហាជាច្រើន ចាប់ពីជម្លោះរហូតដល់ «ការប្រែប្រួលអាកាសធាតុ»។
អង្គការ OCHA បាននិយាយថា បច្ចុប្បន្នប្រទេសនេះ កំពុងប្រឈមនឹង «លក្ខខណ្ឌស្ងួតរីករាលដាលបន្ទាប់ពីមានភ្លៀងធ្លាក់ ពីខែតុលាដល់ខែធ្នូ»។
សេចក្តីអំពាវនាវសុំជំនួយថវិកា ដែលបានផ្តើមធ្វើឡើងកាលពីថ្ងៃចន្ទ ជាមួយនឹងរដ្ឋាភិបាលសូម៉ាលីមានគោលបំណង «ជួយដល់ប្រជាជនដែលងាយរងគ្រោះបំផុតចំនួន ៤,៦ លាននាក់ នៅក្នុងប្រទេសនេះ»។