គណៈប្រតិភូ EU ប្រចាំប្រទេសលីបង់ បានប្រកាសកាលពីថ្ងៃពុធថា ក្រុមប្រឹក្សាសហភាពអឺរ៉ុប បានអនុ ម័តកញ្ចប់ជំនួយចំនួន ៦០លានអឺរ៉ូ (ប្រហែល ៦២,៦ លានដុល្លារអាមេរិក) ក្រោមមូលនិធិសន្តិភាពអឺរ៉ុប (EPF) ដើម្បីគាំទ្រដល់កងកម្លាំងប្រដាប់អាវុធលីបង់ (LAF) ។

សេចក្តីថ្លែងការណ៍របស់គណៈប្រតិភូសហភាពអឺរ៉ុបបានកត់សម្គាល់ថា ជំនួយនេះ នឹងរួមចំណែកដល់ការពង្រឹងសមត្ថភាពរបស់ LAF ដែលអាចឲ្យពួកគេដាក់ពង្រាយឡើងវិញ ធានា និងរក្សាស្ថិរភាព នៅតំបន់ Litani ភាគខាងត្បូងប្រទេសនេះ ស្របតាមសេចក្តីសម្រេចចិត្ត ១៧០១ របស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។

សេចក្តីថ្លែងការណ៍ បានបញ្ជាក់ថា វិធានការជំនួយក៏នឹងពង្រឹងសមត្ថភាពប្រតិបត្តិការ និងប្រសិទ្ធភាពរបស់កងកម្លាំងប្រដាប់អាវុធលីបង់ ដើម្បីរួមចំណែកដល់សន្តិសុខ និងស្ថិរភាពជាតិ និងក្នុងតំបន់ ដោយហេតុនេះអនុញ្ញាតឲ្យជនស៊ីវិលដែលផ្លាស់ទីលំនៅទាំងសងខាងត្រឡប់ទៅផ្ទះសម្បែងរបស់ពួកគេវិញ។
លោកស្រី Kaja Kallas តំណាងជាន់ខ្ពស់របស់សហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេស និងគោលនយោបាយសន្តិសុខ បានថ្លែងថា៖«ជំនួយថ្មីនេះ បង្ហាញពីការកើនឡើងគួរឲ្យកត់សម្គាល់នៅក្នុងការគាំទ្ររបស់សហភាពអឺរ៉ុប ចំពោះកងកម្លាំងប្រដាប់អាវុធលីបង់ ក្រោមជំនួយសន្តិភាពអ៊ឺរ៉ុប ក្នុងដំណាក់កាលដ៏សំខាន់មួយសម្រាប់ការអនុវត្តកិច្ចព្រមព្រៀងបទឈប់បាញ់រវាងប្រទេសលីបង់ និងអ៊ីស្រាអែល»។