រដ្ឋមន្ត្រីការបរទេសស៊ីរីលោក Asaad Hassan Al-Shibani បាននិយាយកាលពីថ្ងៃពុធថា ប្រទេសនេះ នឹងបើកសេដ្ឋកិច្ចរបស់ខ្លួន សម្រាប់ការវិនិយោគបរទេស ហើយថាទីក្រុងដាម៉ាស ក៏កំពុងធ្វើការលើភាពជាដៃគូថាមពល និងអគ្គិសនី ជាមួយបណ្តារដ្ឋឈូងសមុទ្រ។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំវេទិកាសេដ្ឋកិច្ចពិភពលោក នៅទីក្រុង Davos ប្រទេសស្វ៊ីសថា៖«ធនធានសេដ្ឋកិច្ចរបស់ប្រទេសស៊ីរី មានភាពសម្បូរបែប ហើយយើងមានវិស័យជាច្រើនដូចជា ឧស្សាហកម្ម ទេសចរណ៍... ពិតណាស់សេដ្ឋកិច្ចនាពេលអនាគត នឹងបើកចំហ ហើយនឹងបើកផ្លូវសម្រាប់ការវិនិយោគពីបរទេស»។
លោក Shibani បានបំពេញទស្សនកិច្ចដាច់ដោយឡែកពីគ្នា ទៅកាន់ប្រទេសអារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម និងកាតា កាលពីដើមខែមករា អំឡុងពេលដែលលោកបានពិភាក្សាអំពីការពង្រឹងទំនាក់ទំនងជាមួយប្រទេសទាំងនេះ។
នាយករដ្ឋមន្ត្រីនៃប្រទេសឈូងសមុទ្រ បាននិយាយក្នុងអំឡុងទស្សនកិច្ចកាលពីពេលថ្មីៗនេះ ទៅកាន់ទីក្រុងដាម៉ាស( Damascus)ថា ប្រទេសកាតា បានសន្យាផ្តល់ថាមពលដល់ប្រទេសស៊ីរីដំបូង ជាមួយនឹងថាមពល ២០០មេហ្គាវ៉ាត់ និងបង្កើនបរិមាណជាបណ្តើរៗ។