នាយអគ្គសេនាធិការនៃកងកម្លាំងការពារអ៊ីស្រាអែល (IDF) លោក Herzi Halevi បាននិយាយថា ក្នុង រយៈពេលជិត ១៥ខែនៃប្រតិបត្តិការយោធារបស់ខ្លួន នៅតំបន់ហ្កាហ្សាស្ទ្រីប IDF បានសម្លាប់សមាជិកប្រដាប់អាវុធនៃចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសប្រហែល ២០.000នាក់។
លោក Halevi បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ ដែលបានចេញផ្សាយប៉ុន្មានម៉ោងបន្ទាប់ពីព័ត៌មាននៃការលាលែងពីតំណែងរបស់លោក ត្រូវបានផ្សព្វផ្សាយជាសាធារណៈថា៖«អង្គភាពយោធារបស់ហាម៉ាស ត្រូវរងការខូចខាតយ៉ាងធ្ងន់ធ្ងរ។ ថ្នាក់ដឹកនាំភាគច្រើនរបស់អង្គការនេះ ត្រូវបានសម្លាប់ រួមទាំងប្រធានលោក Yahya Sinwar ក៏ដូចជាឥស្សរជនជាន់ខ្ពស់ នៅក្នុងអង្គភាពយោធារបស់ខ្លួន រួមទាំងប្រធានលោក Mohammed Deif ផងដែរ។ កងកម្លាំងការពារអ៊ីស្រាអែល ( IDF) បានសម្លាប់ក្រុមភេរវករហាម៉ាសជិត ២០.000នាក់។
លោកក៏បាននិយាយផងដែរថា ក្នុងអំឡុងពេលប្រតិបត្តិការរបស់ខ្លួនប្រឆាំងនឹងចលនាហេសបូឡា នៅ ប្រទេសលីបង់ កងកម្លាំងការពារអ៊ីស្រាអែល (IDF) បានសម្លាប់សមាជិករបស់ក្រុមនេះជិត ៤.000នាក់ រួមទាំងប្រធានលោក Hassan Nasrallah ផងដែរ។ នៅក្នុងលើកឡើងរបស់លោក Halevi កងកម្លាំងការពារអ៊ីស្រាអែល ក៏បានសម្លាប់ក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនចំនួន ៧៩៤ នាក់ ក្នុងអំឡុងពេលការវាយឆ្មក់របស់ខ្លួន នៅតំបន់វេសបែង (West Bank)។