ទីភ្នាក់ងារអង្គការសហប្រជាជាតិ (UN) បានប្រតិកម្មដោយសោកស្តាយ ចំពោះការសម្រេចរបស់សហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីអង្គការសុខភាពពិភពលោក (WHO) និងកិច្ចព្រមព្រៀងទីក្រុងប៉ារីស ស្តីពីបម្រែបម្រួលអាកាសធាតុ។
គួរបញ្ជាក់ថា ការសម្រេចនេះ ត្រូវបានប្រកាសថា ជាផ្នែកនៃក្រឹត្យដ៏ច្រើនបន្តបន្ទាប់ដែលចុះហត្ថលេខាដោយប្រធានាធិបតីអាមេរិក លោក Donald Trump នៅថ្ងៃដំបូងដែលលោកចូលកាន់តំណែង កាលពីថ្ងៃចន្ទ (ទី២០ ខែមករា)។

អំឡុងពេលថ្លែងទៅកាន់អ្នកសារព័ត៌មាន នៅទីក្រុងហ្សឺណែវ ប្រទេសស្វីស កាលពីថ្ងៃអង្គារ អ្នកនាំពាក្យរបស់ WHO លោក Tarik Jasarevic បានគូសបញ្ជាក់អំពីតួនាទីដ៏សំខាន់របស់ទីភ្នាក់ងារនេះ ក្នុងការការពារសុខភាព និងសន្តិសុខរបស់មនុស្ស ជុំវិញពិភពលោក ដោយសង្កត់ធ្ងន់ថា ស្ថាប័នឆ្លើយតបទៅនឹងការសង្គ្រោះបន្ទាន់ផ្នែកសុខភាព នៅកន្លែងគ្រោះថ្នាក់ដែលស្ថាប័នដទៃមិនអាចធ្វើបាន។
អ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «អង្គការសុខភាពពិភពលោកមានការសោកស្តាយ ចំពោះសេចក្តីប្រកាស ដែលថា សហរដ្ឋអាមេរិកមានបំណងដកខ្លួនចេញពីអង្គការនេះ»។
លោក Jasarevic បានលើកឡើងពីភាពជោគជ័យរបស់ WHO ក្នុងការជួយសង្គ្រោះជីវិតមនុស្សរាប់មិនអស់ ក្នុងរយៈពេលជាច្រើនទសវត្សរ៍កន្លងមកនេះ ដែលទាំងអស់មានការគាំទ្រពីសហរដ្ឋអាមេរិក។ សហរដ្ឋអាមេរិកបានចូលរួមជាមួយ WHO ក្នុងឆ្នាំ១៩៤៦ បន្ទាប់ពីសេចក្ដីសម្រេចរួមមួយ ត្រូវបានអនុម័តដោយសភាទាំង២។ សេចក្ដីសម្រេចនោះតម្រូវឲ្យប្រទេសផ្តល់ការជូនដំណឹងរយៈពេល ១ឆ្នាំ ពេលចង់ចាកចេញពីអង្គការនេះ។ អ្នកនាំពាក្យរូបនេះបានសម្តែងក្តីសង្ឃឹមថា សហរដ្ឋអាមេរិកនឹងពិចារណាឡើងវិញ ចំពោះការសម្រេចនេះ។
ដូចគ្នាដែរ លោកស្រី Clare Nullis មកពីទីភ្នាក់ងារអាកាសធាតុរបស់ UN គឺអង្គការឧតុនិយមពិភពលោក បានបង្ហាញការសោកស្ដាយ ចំពោះការសម្រេចរបស់រដ្ឋបាលសហរដ្ឋអាមេរិក ក្នុងការដកខ្លួនចេញពីកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ២០១៥ ស្តីពីបម្រែបម្រួលអាកាសធាតុ៕

