ដោយដកស្រង់ការស៊ើបការណ៍ពីមន្ត្រីសន្តិសុខ នៅក្នុងប្រទេសលោកខាងលិចចំនួន ២រូប សារព័ត៌មាន Financial Times (FT) កាលពីថ្ងៃពុធ (ទី២២ ខែមករា) បានរាយការណ៍ថា នាវាដឹកទំនិញរបសអ៊ីរ៉ង់ ២គ្រឿងដែលមានផ្ទុកសារធាតុផ្សំសម្រាប់ជំរុញមីស៊ីល នឹងធ្វើដំណើរពីប្រទេសចិន ទៅកាន់ប្រទេសអ៊ីរ៉ង់ ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខ។
សារព័ត៌មាន FT បានឲ្យដឹងថា នាវាដែលមានទង់ជាតិអ៊ីរ៉ង់ Golbon និង Jairan ត្រូវបានគេរំពឹងថា នឹងផ្ទុកសារធាតុអាស៊ីតអំបិលពែរក្លូរិកជាង ១.០០០តោន ដែលត្រូវបានប្រើប្រាស់សម្រាប់ការផលិតសារធាតុអាម៉ូញ៉ូមពែរក្លូរិក ដែលជាធាតុផ្សំសំខាន់ សម្រាប់ការជំរុញដ៏រឹងមាំដល់មីស៊ីល។
សារព័ត៌មាននេះបានរាយការណ៍ថា មន្ត្រី ២នាក់ បានប្រាប់ថា អាស៊ីតអំបិលពែរក្លូរិកអាចផលិតសារធាតុអាម៉ូញ៉ូមពែរក្លូរិកបាន ៩៦០តោន ជាកម្រិតគ្រប់គ្រាន់ ដើម្បីផលិតសារធាតុជំរុញ ១.៣០០តោន ដែលអាចផ្ដល់ថាមពលដល់មីស៊ីលរយៈចម្ងាយមធ្យមរបស់អ៊ីរ៉ង់ចំនួន ២៦០គ្រាប់។
តែយ៉ាងណាក្ដី សារព័ត៌មាន FT បានបញ្ជាក់ថា មន្ត្រីទាំងនោះមិនអាចនិយាយបានទេថា តើទីក្រុងប៉េកាំង បានដឹងអំពីការដឹកជញ្ជូននេះដែរ ឬយ៉ាងណា។
នៅឆ្នាំ២០២៣ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គល និងអង្គភាព នៅក្នុងប្រទេសចិន ទីក្រុងហុងកុង និងអ៊ីរ៉ង់ ក្នុងនោះរួមទាំងមន្ត្រីអនុព័ន្ធការពារជាតិរបស់អ៊ីរ៉ង់ នៅទីក្រុងប៉េកាំងផងដែរ ពាក់ព័ន្ធនឹងការចោទប្រកាន់ថា ពួកគេបានជួយទិញគ្រឿងបន្លាស់ និងបច្ចេកវិទ្យា សម្រាប់តួអង្គសំខាន់ៗ ក្នុងការអភិវឌ្ឍមីស៊ីលបាលិស្ទីករបស់អ៊ីរ៉ង់។
ហើយកាលពីខែកក្កដា ឆ្នាំ២០២៤ សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មលើបុគ្គលចំនួន ៥រូប និងអង្គភាពចំនួន ៧ ដែលមានមូលដ្ឋាននៅអ៊ីរ៉ង់ ចិន និងហុងកុង ដែលខ្លួនបានចោទប្រកាន់ថា ជាអ្នកសម្របសម្រួលសម្រាប់កម្មវិធីមីស៊ីល និងយានដ្រូនរបស់អ៊ីរ៉ង់៕