នគរបាលអាល្លឺម៉ង់ បានចាប់ខ្លួនបុរសជនជាតិអាហ្វហ្គានីស្ថានវ័យ ២៨ឆ្នាំម្នាក់ ក្រោយការវាយប្រហារដោយកាំបិតបណ្តាលឲ្យមនុស្ស ២នាក់ស្លាប់ក្នុងសួនកម្សាន្តមួយកន្លែងស្ថិតក្នុងទីក្រុង Aschaffenburg កាលពីថ្ងៃពុធ ។
នគរបាល និយាយថា ជនរងគ្រោះគឺជាបុរសជនជាតិអាល្លឺម៉ង់វ័យ ៤១ឆ្នាំដែលបានធ្វើដំណើរឆ្លងកាត់ និងក្មេងប្រុសអាយុ ២ឆ្នាំម្នាក់ដែលមានដើមកំណើតម៉ារ៉ុក ។
ក្រុមមន្រ្តី និយាយថា មនុស្ស ៣នាក់ផ្សេងទៀត បានរងរបួស រួមទាំងបុរសវ័យ ៦១ឆ្នាំម្នាក់ ក្មេងម្នាក់ និងគ្រូបង្រៀនម្នាក់ ។

យោងតាមការអះអាងរបស់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃរដ្ឋ Bavaria លោក Joachim Herrmann បានឲ្យដឹងថា ជនសង្ស័យមានប្រវត្តិធ្លាប់បង្កអំពើហិង្សា ។
លោកបន្តថា ជនសង្ស័យត្រូវបានចាប់ខ្លួនយ៉ាងហោច ៣លើក សម្រាប់ការបង្កអំពើហិង្សាកាលពីមុន ។ គាត់ទទួលបានការព្យាបាលជំងឺផ្លូវចិត្ត ហើយបន្ទាប់មកត្រូវបានដោះលែងរាល់លើក ។
លោក Hermann និយាយទៀតថា ការរុករកបន្ទប់របស់គាត់ ជាទីដែលគាត់ស្នាក់អាស្រ័យនៅក្នុងមជ្ឈមណ្ឌលអ្នកស្វែងរកសិទ្ធិជ្រកកោន ពុំបានរកឃើញភស្តុតាងណាមួយនៃឥរិយាបថអ៊ិស្លាមជ្រុលនិយមនោះទេ ប៉ុន្តែមានឱសថមួយប៉ុណ្ណោះ ដែលត្រូវបានរកឃើញនៅទីនោះ គឺជាថ្នាំសម្រាប់ព្យាបាលជំងឺផ្លូវចិត្ត ។
លោកថា ជនសង្ស័យមាននូវដំណើរការស្វែងរកសិទ្ធិជ្រកកោនរបស់គាត់ត្រូវបានបិទបញ្ចប់ ហើយខណៈពេលដែលគាត់គ្រោងនឹងចាកចាញពីប្រទេសអាល្លឺម៉ង់នៅខែធ្នូខាងមុខនេះ ជនសង្ស័យបានបន្តស្នាក់នៅ ដើម្បីព្យាយាមជំងឺផ្លូវចិត្ត ។
ក្រុមនគរបាល និយាយថា គ្មានការចង្អុរបង្ហាញណាមួយបញ្ជាក់ថា អាចមានជនសង្ស័យបន្ថែមទៀត ពាក់ព័ន្ធនឹងឧបទ្ទេវហេតុមួយនេះឡើយ ៕


