ក្រសួងការបរទេសចិន បានឲ្យដឹង បន្ទាប់ពីការសន្ទនាតាមទូរស័ព្ទរបស់ពួកគេថា រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi និងបេសកជនពិសេសរបស់ប្រធានាធិបតីប្រេស៊ីល លោក Celso Amorim បានព្រមព្រៀងគ្នា ក្នុងការពង្រឹងកិច្ចខិតខំប្រឹងប្រែង ដើម្បីជំរុញកិច្ចពិភាក្សាស្តីពីដំណោះស្រាយដោយសន្តិវិធីចំពោះវិបត្តិអ៊ុយក្រែន។
ក្រសួងបានដកស្រង់សម្តីលោក Wang ដែលបាននិយាយថា៖«វិបត្តិនៅអ៊ុយក្រែន បានអូសបន្លាយអស់រយៈពេលជិត ៣ឆ្នាំ មកហើយ។
យោងតាមប្រមុខការទូតចិនរូបនេះ បានឲ្យដឹងថា គំនិតផ្តួចផ្តើមដំណោះស្រាយជម្លោះ ៦ចំណុចរបស់ចិន និងប្រេស៊ីល និងក្រុម«មិត្តសន្តិភាព» ដែលត្រូវបានបង្កើតឡើង ដោយមានការចូលរួមរបស់ពួកគេ គឺសំដៅឆ្ពោះទៅរកការប្រមូលផ្តុំកិច្ចខិតខំប្រឹងប្រែង ដោយបណ្តាប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូង បង្កើតបរិយាកាស និងលក្ខខណ្ឌសម្រាប់កិច្ចចរចាសន្តិភាព។
លោក Amorim បានបញ្ជាក់ថា ការយោគយល់គ្នាបែបនេះ មានសារៈសំខាន់ខ្លាំងណាស់ ដោយបន្ថែមថា ចាំបាច់ត្រូវប្រើលទ្ធភាពអំណោយផលនេះ។
បន្ទាប់ពីការពិគ្រោះយោបល់រវាងលោក Wang Yi និង លោកCelso Amorim ក្នុងខែឧសភា ឆ្នាំ ២០២៤ ភាគីទាំងពីរ បានអនុម័តសេចក្តីថ្លែងការណ៍រួមមានចំនួន ៦ចំណុច។ យោងតាមឯកសារ ការសន្ទនា និងការចរចាជាមធ្យោបាយតែមួយគត់ ដើម្បីដោះស្រាយវិបត្តិអ៊ុយក្រែន។ ប្រទេសចិន និងប្រេស៊ីល បានស្នើឲ្យរៀបចំសន្និសីទសន្តិភាពអន្តរជាតិមួយ ដោយមានការចូលរួមដោយស្មើភាពគ្នាពីគ្រប់ភាគីដើម្បីពិភាក្សាពីផែនការគ្រប់ជំហាន។