អាមេរិក៖ លោក Joe Biden បានចំណាយពេលប៉ុន្មានថ្ងៃចុងក្រោយ នៃយុទ្ធនាការប្រធានាធិបតីអាមេរិក ដើម្បីអំពាវនាវដល់ក្រុមអ្នកគាំទ្រស្បែកខ្មៅឲ្យបោះឆ្នោតដោយផ្ទាល់ ក្នុងអំឡុងពេលមានជំងឺរាតត្បាតសកលដែលប៉ះពាល់ធ្ងន់ធ្ងរ ដល់សហគមន៍របស់ពួកគេដោយធានាថា ចំនួនអ្នកទៅបោះឆ្នោតនឹងកើនឡើង និងបន្ថែមឱកាសដល់រូបលោកនៅក្នុងរដ្ឋ ដែលអាចសម្រេចចិត្តក្នុងការបោះឆ្នោត។
លោក Biden បានស្ថិតនៅក្នុងទីក្រុង Philadelphia កាលពីថ្ងៃអាទិត្យ ដែលជាទីក្រុងធំបំផុតសម្រាប់អ្វី ដែលកំពុងលេចចេញជាតំបន់ប្រទាញប្រទង់ខ្លាំង ក្នុងការបិទយុទ្ធនាការរយៈពេល ៤៨ម៉ោង។ លោកបានចូលរួមក្នុងព្រឹត្តិការណ៍ “ស្មារតីដើម្បីបោះឆ្នោត” ដែលជាផ្នែកមួយនៃកិច្ចខិតខំប្រឹងប្រែងទូទាំងប្រទេស ដើម្បីរៀបចំឲ្យពលរដ្ឋស្បែកខ្មៅដែលទៅកាន់ព្រះវិហារចេញទៅបោះឆ្នោត។ លោក Biden បាននិយាយនៅឯព្រឹត្តិការណ៍ជួបជុំនៅក្នុងរថយន្តថា យើងនឹងដោះស្រាយការរើសអើងជាតិសាសន៍ជាប្រព័ន្ធ និងបង្កើតឱកាសសេដ្ឋកិច្ចសមភាពដ៏ពិតប្រាកដសំរាប់សហគមន៍ស្បែកខ្មៅ។ អ្វីដែលជាឧបសគ្គត្រូវតែកម្ចាត់ចោល។ ប្រជាជនអាមេរិកបានឃើញ ហើយពួកគេបានឃើញហើយថា រឿងទាំងអស់នោះអាក្រក់បែបណាខ្លះ។
លោកបានប្រកាសថា កាដោះស្រាយរបស់លោក Trump លើបញ្ហា COVID-19 គឺស្ទើរតែជាឧក្រិដ្ឋកម្ម ហើយថា ជំងឺរាតត្បាតគឺជាគ្រោះថ្នាក់ដ៏ធ្ងន់ធ្ងរ នៅក្នុងសហគមន៍ពលរដ្ឋស្បែកខ្មៅ។ បេក្ខជនអនុប្រធានាធិបតីគឺលោកស្រី Kamala Harris ស្ថិតនៅក្នុងរដ្ឋ Georgia ជាមូលដ្ឋានដ៏រឹងមាំរបស់គណបក្សសាធារណរដ្ឋជាយូរមកហើយ ដែលគណបក្សប្រជាធិបតេយ្យជឿថា អាចនឹងធ្វើឲ្យផ្លាស់ប្ដូរ ប្រសិនបើអ្នកបោះឆ្នោតស្បែកខ្មៅរួមកម្លាំងគ្នា៕
អត្ថបទ៖ សុខមាន

