ទូរទស្សន៍ Al Jazeera បានរាយការណ៍ថា សាកសពចំនួន ២១២នាក់ ត្រូវបានគេយកចេញពីក្រោមគំនរបាក់បែកនៃផ្ទះដែលខូចខាត នៅក្នុងតំបន់ហ្កាហ្សាស្ទ្រីប បន្ទាប់ពីបទឈប់បាញ់ បានចូលជាធរមាន។
យោងតាមក្រសួងសុខាភិបាលប៉ាឡេស្ទីនបានឲ្យដឹងថា មនុស្សជាង ១៤.២០០នាក់ រួមទាំងស្ត្រី និងកុមារប្រមាណ ៥.០០០នាក់ ត្រូវបានរាយការណ៍ថា បានបាត់ខ្លួន នៅក្នុងដែនដីនេះ។
ភាពតានតឹង បានផ្ទុះឡើងម្តងទៀតនៅមជ្ឈិមបូព៌ានៅថ្ងៃទី ០៧ ខែតុលា ឆ្នាំ ២០២៣ នៅពេលដែលក្រុមយុទ្ធជនមកពីចលនាបដិវត្តន៍ប៉ាឡេស្ទីនហាម៉ាសដែលមានមូលដ្ឋាននៅតំបន់ហ្កាហ្សាស្ទ្រីប បានធ្វើការវាយប្រហារដ៏គួរឲ្យភ្ញាក់ផ្អើលមួយលើទឹកដីអ៊ីស្រាអែលពីតំបន់ហ្កាហ្សា ដោយបានសម្លាប់អ្នកស្រុករស់នៅតាមព្រំដែនអ៊ីស្រាអែល និងចាប់ចំណាប់ថ្នូរជាង ២៤០នាក់ក្នុងនោះមានស្ត្រី កុមារ និងមនុស្សចាស់។ អ៊ីស្រាអែល បានប្រកាសបិទតំបន់ហ្កាហ្សាស្ទ្រីបទាំងស្រុង ហើយបានបើកការទម្លាក់គ្រាប់បែកទៅលើដែន ដីនេះ។