ពលរដ្ឋរស់នៅក្នុងទីក្រុងប៉េកាំង និយាយនៅថ្ងៃព្រហស្បតិ៍នេះថា ពួកគេទន្ទឹងរង់ចាំការប្រារព្ធពិធីបុណ្យចូលឆ្នាំចិនជាមួយមនុស្សជាទីស្រលាញ់ ខណៈពេលដែលពួកគេត្រៀមចេញដំណើរតាមរថភ្លើងវិលត្រឡប់ទៅកាន់ស្រុកកំណើតរបស់ពួកគេវិញ ប៉ុន្តែពួកគេបានបង្ហាញក្តីបារម្ភចំពោះទស្សនៈវិស័យការងារ និងឱកាសការងារសម្រាប់ឆ្នាំខាងមុខ ។
ពលរដ្ឋចិនរាប់លាននាក់ កំពុងធ្វើដំណើរទៅមកនៅទូទាំងប្រទេស សម្រាប់វិស្សមកាលបុណ្យចូលឆ្នាំចិន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី ១៤ ខែមករាកន្លងទៅ ។

ការធ្វើដំណើរដ៏ប្រញាប់ប្រញាល់នេះ ត្រូវបានគេមើលឃើញថាជាឧបករណ៍វាស់ស្ទង់មួយសម្រាប់សុខភាពសេដ្ឋកិច្ចចិន និងការធ្វើតេស្តសំពាធសម្រាប់ប្រព័ន្ធដឹកជញ្ជូនដ៏ធំទូលាយរបស់ពួកគេ ។
លោក Zhao គឺជាពលរដ្ឋមួយរូបរស់នៅក្នុងទីក្រុងប៉េកាំង និយាយថា លោកគិតដល់ការជួបជុំជាមួយគ្រួសាររបស់លោក សម្រាប់ពិធីបុណ្យចូលឆ្នាំចិននៅខេត្តជិតខាង Hebei មុនពេលវិលត្រឡប់មកវិញតាមផែនការ សម្រាប់ទីផ្សារការងារដែលគ្មានស្ថិរភាព ។
ចំណែកឯលោក Liu គឺជាអ្នករួមដំណើរដែលធ្វើការផ្នែកលក់ និងធ្វើដំណើរវិលត្រឡប់ទៅកាន់ទីក្រុង Harbin ខេត្ត Heilongjiang និយាយដែរថា លោកនៅជ្រើសរើសរស់នៅក្នុងទីក្រុងធំ ពេលដែលវាផ្តល់ឱកាសដល់លោកកាន់តែច្រើនក្នុងការស្វែងរកការងារធ្វើ បើទោះបីជាទីផ្សារការងារគ្រប់កន្លែង មិនសូវល្អនៅពេលនេះក៏ដោយ ។
សូមបញ្ជាក់ថា ការធ្វើដំណើរអំឡុងពិធីបុណ្យចូលឆ្នាំចិននាឆ្នាំនេះ មានរយៈពេល ៤០ថ្ងៃ ដែលនឹងបញ្ចប់ទៅវិញនៅថ្ងៃទី ២២ ខែកុម្ភៈខាងមុខ ៕


