ការផ្គត់ផ្គង់ជំនួយស្បៀងអាហារទម្ងន់ជាង ១.៦៧០តោន ដែលបែងចែកជាង ១០ម៉ឺនកញ្ចប់ ត្រូវបានលើកដាក់រថយន្តកាលពីថ្ងៃពុធ ដោយក្រុមអឌ្ឍចន្ទក្រហមកាតានៅទីក្រុង Amman ប្រទេសហ្សកដានី មុនពេលបញ្ជូនទៅកាន់តំបន់ហ្កាហ្សាស្រ្ទីប ។
លោក Mohammed al-Bousheri គឺជាអគ្គលេខាធិការរងទទួលបន្ទុកផ្នែកទំនាក់ទំនង និងធនធាននៅអឌ្ឍចន្ទក្រហមកាតា និយាយថា កញ្ចប់ស្បៀងអាហារនិមួយៗល្មមសម្រាប់មនុស្សមួយគ្រួសារ នេះគឺជាបំណងរបស់ព្រះ ។ មាននូវការផ្គត់ផ្គង់វេជ្ជសាស្រ្តផងដែរ មាននូវសំពត់តង់ មាននូវកញ្ចប់សម្លៀកបំពាក់រដូវរងា ដែលជំនួយទាំងអស់នេះ នឹងទៅដល់តំបន់ហ្កាហ្សាក្នុងពេលដ៏ខ្លីខាងមុខនេះ ។
សង្រ្គាមរយៈពេល ១៥ខែ បានធ្វើឲ្យតំបន់ហ្កាហ្សាក្លាយជាកម្ទេចកម្ទី អគារបាក់បែក និងជំរំបណ្តោះអាសន្ន ។

យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សជាង ៤៦.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមួយនេះ ។
លោក Al-Thawabta គឺជាអ្នកនាំពាក្យរបស់រដ្ឋបាលគ្រប់គ្រងដោយក្រុមហាម៉ាស់ និយាយថា ពួកគេកំពុងទាក់ទាងជាមួយទីភ្នាក់ងារអង្គការសហប្រជាជាតិ(UN) និងអង្គការជំនួយអន្តរជាតិ ពាក់ព័ន្ធនឹងសន្តិសុខសម្រាប់ផ្លូវជំនួយ និងឃ្លាំងស្តុកទំនិញ ប៉ុន្តែទីភ្នាក់ងារ គឺជាអ្នកដោះស្រាយការចែកចាយជំនួយដោយខ្លួនឯង ។
ការវាយតម្លៃការខូចខាតរបស់ UN បញ្ចេញនៅក្នុងខែនេះ បង្ហាញថា កម្ទេចកម្ទីទម្ងន់ជាង ៥០លានតោនសល់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល អាចត្រូវការចំណាយពេល ២១ឆ្នាំ និងត្រូវការចំណាយប្រាក់រហូតដល់ ១,២ពាន់លានដុល្លារ ៕

