តំណាងអចិន្ត្រៃយ៍រុស្ស៊ីប្រចាំនៅអង្គការសហប្រជាជាតិ លោក Vasily Nebenzya បាននិយាយថា សហរដ្ឋអាមេរិក មិនអាច ឬមិនចង់បញ្ចប់ការជួញដូរអាវុធខុសច្បាប់ ទៅកាន់ប្រទេសហៃទីទេ។
លោកបាននិយាយនៅក្នុងកិច្ចប្រជុំក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិស្តីពីស្ថានភាព នៅ ហៃទីថា៖«សហគមន៍អន្តរជាតិ ចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើបញ្ហាជាក់ស្តែងមួយផ្សេងទៀត នៅក្នុង បរិបទហៃទី ដែលប៉ះពាល់ដោយផ្ទាល់ដល់ស្ថានភាព នៅក្នុងប្រទេសនេះ។ ខ្ញុំចង់មានន័យថា ការជួញដូរអាវុធគ្មានការហាមឃាត់ ទៅកាន់ប្រទេសហៃទី ទោះបីជាមានការហាមប្រាមស្រាប់ទៅលើទឹកដីនេះ ក៏ដោយ។ ចំណែកយើងយល់ថា ដំណោះស្រាយចំពោះបញ្ហានេះ គឺស្ថិតនៅក្នុងដៃរបស់រដ្ឋមួយ ដែលមិនមាន ឆន្ទៈ ឬមិនអាចបញ្ឈប់លំហូរអាវុធខុសច្បាប់ទាំងនេះ ដែលផ្គត់ផ្គង់ដល់ក្រុមឧក្រិដ្ឋជន ដែលកំពុងប្រតិបត្តិការ នៅក្នុងប្រទេសនេះ»។
យោងតាមអ្នកការទូតរុស្ស៊ីរូបនេះ បានឲ្យដឹងថា សហរដ្ឋអាមេរិកបដិសេធមិនចែករំលែកព័ត៌មានអំពីអ្វីដែលខ្លួនកំពុងធ្វើ ដើម្បីបញ្ឈប់ការជួញដូរអាវុធ ទៅកាន់ប្រទេសហៃទី ជាមួយអ្នកជំនាញមកពីគណៈកម្មាធិការដាក់ទណ្ឌកម្មរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ ដូច្នេះ «វិធីនេះ ធ្វើឲ្យស្មុកស្មាញដល់សកម្មភាពរបស់សហគមន៍អន្តរជាតិ» ។
លោក Nebenzya បានកត់សម្គាល់ថា៖«ទោះជាយ៉ាងណាក៏ដោយ វិធីសាស្រ្តបែបនេះ មិនគួរឲ្យភ្ញាក់ផ្អើលសម្រាប់ពួកយើងទេ ដោយចងចាំពីឧបាយកលរបស់ទីក្រុងវ៉ាស៊ីនតោន ចំពោះស្ថានភាព នៅក្នុងប្រទេសហៃទី ជាមួយនឹងការប្រើប្រាស់ទណ្ឌកម្មឯកតោភាគី និងបច្ចេកវិទ្យាវិស្វកម្មនយោបាយ»។
ប្រទេសហៃទី បាននិងកំពុងរួបរឹតដោយវិបត្តិសន្តិសុខដ៏ធ្ងន់ធ្ងរ ចាប់តាំងពីការធ្វើឃាតប្រធានាធិបតី Jovenel Moise ក្នុងឆ្នាំ ២០២១ និងការរញ្ជួយដីដ៏បំផ្លិចបំផ្លាញ។ ឧក្រិដ្ឋជនកំពុងគ្រប់គ្រងផ្នែកដ៏ធំនៃប្រទេសនេះ ជាពិសេសរហូតដល់ ៨០%នៃរដ្ឋធានីនេះ។ មនុស្សយ៉ាងតិច ៨.០០០ នាក់ បានស្លាប់ ចំពេលមានឧក្រិដ្ឋកម្ម។