កងទ័ពអ៊ីស្រាអែល និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា នៅថ្ងៃព្រហស្បតិ៍នេះ កងកម្លាំងអ៊ីស្រាអែល បានចុះប្រតិបត្តិការវាយឆ្មក់នៅទីក្រុង Burqin ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ដោយបានកម្ទេចផ្ទះមួយខ្នង ហើយនិងសម្លាប់ខ្មាន់កាំភ្លើងប៉ាឡេស្ទីន ២នាក់ដែលបានបើកការវាយប្រហារសម្លាប់ជនជាតិអ៊ីស្រាអែល ៣នាក់ កាលពីដើមខែនេះ ។
កងទ័ពអ៊ីស្រាអែលនិយាយថា ខ្មាន់កាំភ្លើង ២នាក់ បានលាក់ខ្លួននៅក្នុងផ្ទះមួយខ្នងនេះ ស្ថិតក្នុងទីក្រុង Burqin ហើយពួកគេត្រូវកម្ចាត់អស់ នៅក្នុងប្រតិបត្តិការវាយឆ្មក់ ។

ម្ចាស់ផ្ទះ និយាយថា លោកពិតជាមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង នឹងការបាញ់ប្រហារគ្នានេះ ហើយលោកត្រូវបានទាហានអ៊ីស្រាអែល និយាយប្រាប់ឲ្យជម្លៀសខ្លួនចេញពីផ្ទះកម្ពស់ ២ជាន់នេះ ជាទីដែលលោក និងគ្រួសារលោក គ្រួសារបងប្រុសរបស់លោក ឪពុកលោក និងម្តាយចុងលោក រស់នៅ ដោយពួកយើងគ្មានឱកាសនាំយកទ្រព្យសម្បត្តិណាមួយនោះឡើយ ។
បណ្តាញយោធារបស់ក្រុមហាម៉ាស់ និយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា មនុស្ស ២នាក់ក្នុងចំណោមជីវពលរបស់ពួកគេ ត្រូវបានសម្លាប់នៅទីក្រុង Burqin ហើយពួកគេបើកការបាញ់ប្រហារនៅជិតភូមិប៉ាឡេស្ទីន al-Funduq ។
សូមបញ្ជាក់ថា ជនជាតិអ៊ីស្រាអែល ៣នាក់ ត្រូវបានសម្លាប់ និងមនុស្សជាច្រើននាក់ផ្សេងទៀត បានរងរបួសកាលពីថ្ងៃទី ៦ ខែមករាកន្លងទៅ នៅក្នុងការវាយប្រហារមួយលើរថយន្តតូចមួយគ្រឿង និងរថយន្តក្រុងមួយគ្រឿង នៅជិតការតាំងលំនៅនិគមន៍ Kedumim ស្ថិតក្នុងតំបន់កាន់កាប់វ៉េសប៊ែង ជិតភូមិ al-Funduq ៕


