ភ្នំពេញ ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៅល្ងាចថ្ងៃទី៩វិច្ឆិកានេះបានទទួលជួបពិភាក្សាការងារជាមួយឯកឧត្តម ជេណេស ចេនហ្សា នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋស្លូវេនីនិងជាប្រធានប្ដូរវេនសហភាពអឺរ៉ុប ក៏ដូចជាអ្នកសម្រួលរវាងអាស៊ីអឺរ៉ុប ហៅកាត់អាសឹមនិងអាស៊ានផងដែរ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការផ្ទាល់សម្តេចតេជោបានប្រាប់ដល់ក្រុមអ្នកព័ត៌មានថា ក្នុងក្របខ័ណ្ខទ្វេភាគី សម្តេចតេជោនិងឯកឧត្តម ជេណេស ចេនហ្សា បានឯកភាពគ្នាជម្រុញពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យដែលមានសក្តានុពលសម្រាប់ប្រទេសទាំងពីរ រួមមានវិស័យសេដ្ឋកិច្ចពាណិជ្ជកម្ម ទេសចរណ៍ សុខាភិបាល និងវិស័យដទៃទៀត រួមទាំងការផ្លាស់ប្ដូរដំណើរទស្សនកិច្ចរវាងប្រទេសទាំងពីរផង ដើម្បីជំរុញការងារនេះឲ្យទទួលបានជោគជ័យ។សម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាប្រគល់ការងារជូនក្រសួងការបរទេសទាំងពីរ ដើម្បីពិនិត្យនិងសហការគ្នាធ្វើយ៉ាងណារៀបចំការលើកលែងទិដ្ឋាការសម្រាប់អ្នកការទូតនិងសម្រាប់អ្នកធ្វើដំណើរផ្លូវការរវាងប្រទេសទាំងពីរ។
ក្នុងក្របខណ្ឌពហុភាគីក្នុងនាមជាប្រធានអាស៊ាននិងប្រធានប្ដូរវេននៃសហភាពអឺរ៉ុបសម្ដេចតេជោនិងឯកឧត្តម ចេន ហ្សា បានឯកភាពគ្នាពង្រឹងកិច្ចសហប្រតិបត្តិការក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ជំរុញកិច្ចចរចារពាណិជ្ជកម្មសេរីរវាងអាស៊ាននិងអឺរ៉ុបនិងសហការធ្វើយ៉ាងណាឲ្យដំណើរការកិច្ចប្រជុំកំពូ លអាស៊ីអឺរ៉ុបនាពេលខាងមុខទទួលបានជោគជ័យ។
ឯកឧត្តម ចេន ហ្សា បានគោរពអញ្ជើញសម្តេចតេជោដើម្បីទៅធ្វើការទស្សនាកិច្ចនៅប្រទេសស្លូវេនី ហើយសម្ដេចក៏បានទទួលយកនូវការអញ្ជើញនេះ ហើយសម្តេចបានជម្រាបជូនឯកឧត្តមនាយករដ្ឋមន្ត្រីស្លូវេនីថា សម្តេចនឹងអញ្ជើញទៅបំពេញទស្សនកិច្ចនៅប្រទេសស្លូវេនីនៅដើមឆ្នាំក្រោយ៕ អត្ថបទ ៖ មុត សុទ្ធ