អគ្គលេខាធិការអង្គការណាតូ (NATO) លោក Mark Rutte នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) បានអំពាវនាវឲ្យសហរដ្ឋអាមេរិកបន្តផ្គត់ផ្គង់អ៊ុយក្រែន ហើយបាននិយាយថា អឺរ៉ុបនឹងទទួលខុសត្រូវសម្រាប់តម្លៃចំណាយ។
ដោយនិយាយក្នុងព្រឹត្តិការណ៍មួយ នៅឯវេទិកាសេដ្ឋកិច្ចពិភពលោក (WEF) នៅទីក្រុង Davos ប្រទេសស្វីស ប្រមុខអង្គការណាតូរូបនេះបានប្រាប់ថា សម្ព័ន្ធភាពត្រូវតែវិនិយោគបន្ថែមទៀត លើវិស័យការពារជាតិ បង្កើនផលិតកម្មឧស្សាហកម្មការពារជាតិ និងទទួលខុសត្រូវចំណែកដ៏ធំនៃការចំណាយលើជំនួយ សម្រាប់អ៊ុយក្រែន។

លោក Rutte បាននិយាយថា៖ «នៅអ៊ុយក្រែន យើងក៏ត្រូវការសហរដ្ឋអាមេរិកបន្តចូលរួមផងដែរ»។ លោកបានបន្ថែមថា៖ «ប្រសិនបើរដ្ឋបាលថ្មីរបស់លោក (Donald) Trump មានឆន្ទៈបន្តផ្គត់ផ្គង់អ៊ុយក្រែនពីមូលដ្ឋានឧស្សាហកម្មការពារជាតិរបស់ខ្លួន វិក្កយបត្រនឹងត្រូវបានទូទាត់ដោយអឺរ៉ុប ខ្ញុំជឿជាក់យ៉ាងមុតមាំចំពោះរឿងនេះ ហើយយើងត្រូវមានឆន្ទៈធ្វើដូច្នេះ»។
ការអត្ថាធិប្បាយរបស់អគ្គលេខាធិការរូបនេះ បានធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក Donald Trump បាននិយាយកាលពីដើមសប្តាហ៍នេះថា សហភាពអឺរ៉ុបគួរតែធ្វើកិច្ចការឲ្យច្រើនបន្ថែមទៀត ដើម្បីគាំទ្រអ៊ុយក្រែន៕

