ក្រុមអាជ្ញាធរនិយាយកាលពីថ្ងៃពុធថា ការដឹកជញ្ជូនសារធាតុញៀនកូកាអ៊ីនទម្ងន់ ៨,២តោនដែលប្រុងលោតឆ័ត្រទៅកាន់ប្រទេសអេស្ប៉ាញ ត្រូវរឹបអូសបានដោយនគរបាលកូឡុំប៊ី នៅកំពង់ផែ Buenaventura ដែលជាការរឹបអូសបានគ្រឿងញៀនច្រើនបំផុត ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ។
កំពង់ផែ Buenaventura គឺជាកំពង់ផែសំខាន់បំផុតរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ ស្ថិតនៅតាមបណ្តោយមហាសមុទ្រប៉ាស៊ីហ្វិក ។
នគរបាលប្រឆាំងគ្រឿងញៀន និយាយថា គ្រឿងញៀនដែលមានតម្លៃប្រហែល ៤៧២លានដុល្លារនេះ មានគោលដៅទៅកាន់ទីក្រុង Toledo របស់អេស្ប៉ាញ ហើយត្រូវបានបន្លំបង្កប់នៅក្នុងជីរ៉ែ ដែលត្រូវបានដឹកក្នុងទូកុងតឺន័រ ។

នគរបាល ពុំបានរាយការណ៍ពីការចាប់ខ្លួនជនសង្ស័យណាមួយនោះឡើយ អំឡុងប្រតិបត្តិការនេះ ហើយពួកគេក៏ពុំបានបញ្ជាក់ពីអង្គភាពជាម្ចាស់គ្រឿងញៀនទាំងអស់នេះដែរ ។
លោកឧត្តមសេនីយ៍ William Rene Salamanca Ramirez គឺជាអគ្គស្នងការនគរបាលជាតិកូឡុំប៊ី និយាយថា វាគឺជាការរឹបអូបបានគ្រឿងញៀនធំបំផុតដែលបានកើតឡើងនៅក្នុងកំពង់ផែ នារយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ ។
ក្នុងឆ្នាំ ២០២៤ កងកម្លាំងយោធា និងនគរបាលជាតិកូឡុំប៊ី រឹបអូសបានសារធាតុកូកាអ៊ីនទម្ងន់សរុប ៨៦១,៧តោន ។
ក្រុមឧទ្ទាមឆ្វេងនិយម ដែលជាក្រុមឧក្រិដ្ឋជនបំបែកខ្លួនចេញពីទាហានស្តាំនិយម និងក្រុមគ្រឿងញៀន បានពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀន និងធ្វើឲ្យកើតមានជម្លោះផ្ទៃក្នុងអស់រយៈពេលជាង ៦ទសវត្សរ៍ ដោយបានសម្លាប់មនុស្ស ៤៥ម៉ឺននាក់ ៕

