ប្រេសិតពិសេសថ្មីរបស់អង្គការសហប្រជាជាតិ(UN) ប្រចាំនៅតំបន់មជ្ឈិមបូព៌ាលោកស្រី Sigrid Kaag បានបំពេញទស្សនកិច្ចទៅកាន់ទីក្រុង Khan Younis ស្ថិតក្នុងតំបន់ហ្កាហ្សា ជាលើកដំបូងចាប់តាំងពីមានបទឈប់បាញ់រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស់ ។
បទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃអាទិត្យ ក្រោយសង្រ្គាមរយៈពេល ១៥ខែ ដោយមានការប្រគល់ចំណាប់ថ្នូរ ៣នាក់ ដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ ហើយនិងការដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០នាក់ ចេញពីពន្ធនាគារអ៊ីស្រាអែល ។

រូបភាពវីដេអូឃ្លីបបញ្ចេញដោយ UN ឃើញលោកស្រី Kaag ដើរចន្លោះអគាររងការខូចខាត និងធ្វើដំណើរទៅកាន់មណ្ឌលសុខភាពគាំទ្រដោយមូលនិធិកុមារអន្តរជាតិ UNICEF ហើយនិងមជ្ឈមណ្ឌលគាំទ្រជំងឺផ្លូវចិត្តសម្រាប់កុមារ ។
ការវាយតម្លៃការខូចខាតរបស់ UN បញ្ចេញនៅក្នុងខែនេះ បង្ហាញថា កម្ទេចកម្ទីទម្ងន់ជាង ៥០លានតោនសល់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល អាចត្រូវការចំណាយពេល ២១ឆ្នាំ និងត្រូវការចំណាយប្រាក់រហូតដល់ ១,២ពាន់លានដុល្លារ ។
យោងតាមការអះអាងរបស់អាជ្ញាធរសុខភាពប៉ាឡេស្ទីន បានឲ្យដឹងថា មនុស្សជាង ៤៧.០០០នាក់ ត្រូវបានសម្លាប់នៅក្នុងសង្រ្គាមមួយនេះ ហើយកម្ទេចកម្ទីទំនងជាកប់សាកសពមនុស្សរាប់ពាន់នាក់បន្ថែមទៀត ។
អគ្គលេខាធិការ UNលោក Antonio Guterres បានតែងតាំងអតីតរដ្ឋមន្រ្តីការបរទេសហូឡង់រូបនេះ ជាប្រេសិតពិសេសប្រចាំតំបន់មជ្ឈិមបូព៌ា កាលពីថ្ងៃទី ១៧ ខែមករាកន្លងទៅ ។ លោកស្រី Kaag នឹងបន្តតួនាទីរបស់លោកស្រីផងដែរ ជាអ្នកសម្របសម្រួលជាន់ខ្ពស់ផ្នែកមនុស្សធម៌ និងការកសាងឡើងវិញនៅតំបន់ហ្កាហ្សា ៕

