ក្រុមអាជ្ញាធរនិយាយថា ទួរគី បានឃាត់ខ្លួនមនុស្ស ១១នាក់ ដែលជាផ្នែកមួយនៃការស៊ើបអង្កេតរបស់ពួកគេលើហេតុការណ៍អគ្គិភ័យដែលបានសម្លាប់មនុស្ស ៧៩នាក់ និងមនុស្សរាប់សិបនាក់ផ្សេងទៀត រងរបួសនៅរមណីយដ្ឋានជិះស្គី ស្ថិតក្នុងតំបន់ភ្នំ Bolu ។
អគ្គិភ័យ បានកើតឡើងនៅសណ្ឋាគារ Grand Kartal គឺជាសណ្ឋាគារកម្ពស់ ១២ជាន់ មានភ្ញៀវចុះបញ្ជី ២៣៨នាក់ ស្ថិតក្នុងរមណីយដ្ឋាន Kartalkaya ។
សណ្ឋាគារនេះ ត្រូវបានអណ្តាតភ្លើងលេបត្របាក់ ក្រោយអគ្គិភ័យចាប់ផ្តើមនៅជាន់ភោជនីយដ្ឋានកាលពីវេលាម៉ោង ៣ និង ៣០នាទីព្រឹកទាបភ្លឺ ថ្ងៃអង្គារ ។
ពិធីបុណ្យសពជាច្រើនត្រូវបានរៀបចំឡើងកាលពីថ្ងៃពុធ សម្រាប់ជនរងគ្រោះក្នុងហេតុការណ៍អគ្គិភ័យកាលពីថ្ងៃអង្គារនេះ រួមទាំងកុមារជាច្រើននាក់ផងដែរ ហើយក្រុមអាជ្ញាធរប្រឈមនឹងការរិះគន់កើនឡើង ចំពោះវិធានការសុវត្ថិភាពរបស់សណ្ឋាគារ ។

អ្នករស់រានមួយចំនួន និយាយថា ពួកគេពុំបានឮសំឡេងប្រកាសអាសន្ននោះទេ អំឡុងឧបទ្ទេវហេតុនេះ ហើយភ្ញៀវនិយាយថា ពួកគេបានធ្វើដំណើរតាមច្រករបៀងពោរពេញដោយផ្សេងក្នុងស្ថានភាពងងឹតឈឹង ។ ភ្ញៀវសណ្ឋាគារដែលស្លន់ស្លោ បង្ខំចិត្តលោតចេញតាមបង្អួចទាំងពាក់កណ្តាលយប់រំលងអាធ្រាត្រ ។
សណ្ឋាគារ Grand Kartal សន្យាសហប្រតិបត្តិការយ៉ាងពេញទំហឹងជាមួយនឹងការស៊ើបអង្កេត ហើយពួកគេនិយាយថា ពួកគេមានភាពក្រៀមក្រំយ៉ាងខ្លាំងចំពោះការបាត់បង់អាយុជីវិតមនុស្សច្រើនបែបនេះ ។
យោងតាមសេចក្តីរាយការណ៍របស់សារព័ត៌មានក្នុងស្រុក បានឲ្យដឹងថា ជនរងគ្រោះក្នុងអគ្គិភ័យយ៉ាងហោច ២០នាក់ គឺជាក្មេងៗ ៕


