ខណៈដែលកងកម្លាំងប្រឆាំង បានចល័តទូទាំងប្រទេសស៊ីរី ដោយសារការវាយលុកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដែលបានចាប់ផ្តើមនៅភាគពាយ័ព្យរបស់ប្រទេសនេះ កាលពីចុងឆ្នាំមុន មន្ត្រីមកពីប្រទេសជាច្រើនដែលគាំទ្រក្រុមឧទ្ទាម ឬរដ្ឋាភិបាលស៊ីរី បានជួបប្រជុំគ្នា នៅប្រទេសកាតា ដើម្បីនិយាអំពីអ្វីដែលត្រូវធ្វើ។
យោងតាមមនុស្សដែលបានទទួលព័ត៌មានអំពីកិច្ចប្រជុំ កាលពីថ្ងៃទី ០៧ ខែធ្នូ មន្ត្រីមកពីប្រទេសទួរគី រុស្ស៊ី អ៊ីរ៉ង់ និងប្រទេសអារ៉ាប់មួយចំនួន បានព្រមព្រៀងគ្នាថា ក្រុមយុទ្ធជននឹងបញ្ឈប់ការរុលទៅមុខរបស់ពួកគេនៅទីក្រុង Homs ដែលជាទីក្រុងដ៏សំខាន់ចុងក្រោយ នៅភាគខាងជើងនៃទីក្រុងដាម៉ាស ហើយការចរចាជាអន្តរជាតិ នឹងធ្វើឡើង ជាមួយមេដឹកនាំស៊ីរីលោក បាសា អាល់អាសាដ ( Bashar al-Assad) ក្នុងការផ្លាស់ប្តូរនយោបាយ។
ប៉ុន្តែក្រុមប្រឆាំងមកពីភាគខាងត្បូងនៃប្រទេសស៊ីរី មានផែនការផ្សេងទៀត។ ពួកគេបានរុញឆ្ពោះទៅកាន់រដ្ឋធានី ដោយមកដល់ទីលានធំបំផុតរបស់ក្រុងដាម៉ាស មុនពេលថ្ងៃរះ។ អ្នកដែលមកពីខាងជើងដែលដឹកនាំដោយក្រុមឥស្លាមនិយម Hayyat Tahrir Al-Sham បានមកដល់ប៉ុន្មានម៉ោងក្រោយមក។ ទន្ទឹមនឹងនេះ លោកអាសាដ បានរត់គេចខ្លួន។
ក្រុម HTS ដែលជាក្រុមដែលបានគ្រប់គ្រងក្រុមជាច្រើនទៀត ចាប់តាំងពីពេលនោះមក បានបង្កើតខ្លួនជាអ្នកគ្រប់គ្រងជាក់ស្តែងរបស់ប្រទេសស៊ីរី បន្ទាប់ពីការសម្របសម្រួលជាមួយអ្នកប្រយុទ្ធភាគខាងត្បូង ក្នុងអំឡុងពេលការវាយលុកយ៉ាងលឿនបំផុត។