អាជ្ញាធរមូលដ្ឋាន បានឲ្យដឹងថា ការបំពុលបរិយាកាស បានបង្ខំឲ្យសាលារៀនជិត ២០០កន្លែង ក្នុងទីក្រុងបាងកក ត្រូវបិទ នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) នេះ ខណៈដែលមន្ត្រីបានជំរុញឲ្យប្រជាជនធ្វើការពីគេហដ្ឋានរបស់ខ្លួន និងរឹតបន្តឹងលើយានយន្តធុនធ្ងន់នៅក្នុងទីក្រុងរបស់ប្រទេសថៃមួយនេះ។
ការបង្កកខ្វក់ខ្យល់តាមរដូវកាល បានបង្កបញ្ហាដល់ប្រទេសថៃជាយូរមកហើយ ដោយមិនខុសពីប្រទេសជាច្រើន ក្នុងតំបន់ដែរ ខណៈខ្យល់រដូវរងាដែលកាន់តែត្រជាក់ និងអាប់អួ លាយចម្រុះទៅដោយផ្សែងអ័ព្ទដែលបង្កឡើងពីការដុតជញ្ជ្រាំង និងផ្សែងរបស់រថយន្ត។
បើយោងតាមស្ថាប័នវាយតម្លៃគុណភាពខ្យល់ IQAir របស់ប្រទេសស្វីស បានឲ្យដឹងថា គិតត្រឹមព្រឹកថ្ងៃព្រហស្បត្តិ៍នេះ រាជធានីរបស់ប្រទេសថៃ គឺជាទីក្រុងធំទី៦ ដែលមានការបំពុលខ្លាំងបំផុត នៅលើពិភពលោក។
កម្រិតនៃការបំពុល PM2.5 ដែលជាភាគល្អិតបង្កមហារីកតូចល្មមចូលក្នុងចរន្តឈាមតាមរយៈសួត ឡើងដល់កម្រិត ១២២មីក្រូក្រាម ក្នុង ១ម៉ែត្រគូប។
កាលពីដើមសប្តាហ៍នេះ អាជ្ញាធរក្រុងបាងកក បានប្រាប់ថា សាលារៀននៅតំបន់ដែលមានកម្រិតកខ្វក់ PM2.5 ខ្ពស់ អាចជ្រើសរើសបិទបាន។
ហើយគិតនៅត្រឹមព្រឹកថ្ងៃសុក្រ សាលារៀនចំនួន ១៩៤ ក្នុងចំណោម ៤៣៧សាលារៀនដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់អាជ្ញាធរក្រុងបាងកក បានបិទទ្វារ ដែលនាំឲ្យប៉ះពាល់ដល់សិស្សានុសិស្សរាប់ពាន់នាក់៕