វិមានក្រឹមឡាំង នៅថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) នេះ បានលើកឡើងថា ខ្លួនមើលមិនឃើញមានអ្វីថ្មីពិសេស ពាក់ព័ន្ធនឹងការគំរាមកំហែងរបស់ប្រធានាធិបតីអាមេរិក លោក Donald Trump ដែលថា នឹងផ្ដល់ផលប៉ះពាល់ឲ្យរុស្ស៊ី ដោយការដាក់ទណ្ឌកម្ម និងពន្ធថ្មី ប្រសិនបើទីក្រុងមូសគូមិនយល់ព្រមបញ្ចប់សង្គ្រាមនៅអ៊ុយក្រែនទេនោះ។
គួរបញ្ជាក់ថា ដោយសំដៅទៅលើប្រទេសរុស្ស៊ី និងសង្រ្គាម លោក Trump បាននិយាយកាលពីថ្ងៃពុធ (ទី២២ ខែមករា)ថា៖ «ប្រសិនបើយើងមិនមានកិច្ចព្រមព្រៀងទេ។ ឆាប់ៗ ខ្ញុំមិនមានជម្រើសអ្វីផ្សេង ក្រៅពីការដាក់កម្រិតឲ្យធ្ងន់ធ្ងរ ពាក់ព័ន្ធនឹងពន្ធ ការដំឡើងពន្ធ និងទណ្ឌកម្ម លើអ្វីដែលត្រូវបានលក់ដោយរុស្ស៊ីមកកាន់សហរដ្ឋអាមេរិក និងប្រទេសដែលមានចំណែករួមផ្សេងទៀត»។
លោក Trump បាននិយាយថា លោកនឹងធ្វើការ ដើម្បីផ្ដល់ភាពពេញចិត្តដល់រុស្ស៊ី និងលោក Vladimir Putin ក្នុងគោលបំណងធ្វើយ៉ាងណាបញ្ចុះបញ្ចូលពួកគេឲ្យបញ្ចប់នូវអ្វីដែលលោកហៅថា «សង្រ្គាមដ៏គ្មានហេតុផលនេះ»។
នៅពេលត្រូវបានសួរអំពីការអត្ថាធិប្បាយរបស់លោក Trump អ្នកនាំពាក្យវិមានក្រឹមឡាំង លោក Dmitry Peskov បាននិយាយថា លោក Trump ជារឿយៗ បានអនុវត្តទណ្ឌកម្មប្រឆាំងនឹងប្រទេសរុស្ស៊ី អំឡុងអាណត្តិដំបូងរបស់លោកជាប្រធានាធិបតី។
លោក Peskov បានប្រាប់អ្នកសារព័ត៌មានថា៖ «យើងមិនឃើញមានអ្វីថ្មីពិសេសណាមួយនោះទេ។ គាត់ចូលចិត្តវិធីសាស្រ្តទាំងនេះ ដោយយ៉ាងហោចណាស់គាត់ចូលចិត្តការធ្វើបែបនេះ អំឡុងពេលកាន់តំណែងប្រធានាធិបតីអាណត្តិដំបូងរបស់គាត់»។
លោក Peskov បានបញ្ជាក់ថា ទីក្រុងមូស្គូកំពុងតាមដានយ៉ាងដិតដល់នូវរាល់សេចក្តីថ្លែងការណ៍របស់លោក Trump៕