ក្រុមនគរបាលជីវពលប៉ាឡេស្ទីនហាម៉ាស់ ត្រូវបានគេមើលឃើញឈរជើងនៅខាងក្រៅទីស្នាក់ការកណ្តាលរងការបំផ្លិចបំផ្លាញរបស់ពួកគេ ស្ថិតក្នុងទីក្រុងហ្កាហ្សា រយៈពេលប៉ុន្មានថ្ងៃប៉ុណ្ណោះ ក្រោយកិច្ចព្រមព្រៀងបទឈប់បាញ់រវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល បានចូលជាធរមាន ។
នគរបាលប៉ាឡេស្ទីន បានរៀបចំផែនការដែលរួមបញ្ចូលទាំងសមាសធាតុទាំងអស់របស់កងកម្លាំងនគរបាល ។
លោក Mohammed al-Zarqa គឺជាអ្នកនាំពាក្យកងកម្លាំងនគរបាលហាម៉ាស់ និយាយថា ផែនការនេះ មានគោលដៅបង្កើតសន្តិសុខ និងស្ថិរភាព ហើយនិងបើកដំណើរការឡើងវិញនូវស្ថានីយ៍នគរបាល នៅតាមទីតាំងជាច្រើនដែលអាចងាយស្រួលសម្រាប់សាធារណជនទាក់ទង ។
បទឈប់បាញ់ បានចូលជាធរមានកាលពីថ្ងៃអាទិត្យ ក្រោយសង្រ្គាមរយៈពេល ១៥ខែ ដោយមានការប្រគល់ចំណាប់ថ្នូរ ៣នាក់ ដែលត្រូវបានចាប់យកទៅដោយក្រុមហាម៉ាស់ ហើយនិងការដោះលែងអ្នកទោសប៉ាឡេស្ទីន ៩០នាក់ ចេញពីពន្ធនាគារអ៊ីស្រាអែល ។
បច្ចុប្បន្នការផ្តោតសំខាន់លើការកសាងដែនដីបិទច្រកនៅតាមតំបន់ឆ្នេរមួយនេះឡើងវិញ ដែលអ៊ីស្រាអែលបានធ្វើឲ្យក្លាយជាកម្ទេចកម្ទី អំឡុងយុទ្ធនាការបោសសម្អាតក្រុមហាម៉ាស់របស់ពួកគេ ជាការសងសឹកនឹងការវាយប្រហាររបស់ក្រុមជីវពលមួយនេះ លើអ៊ីស្រាអែលកាលពីថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០២៣ កន្លងទៅ ។
យោងតាមការវាយតម្លៃការខូចខាតរបស់ UN បញ្ចេញនៅក្នុងខែនេះ បានបង្ហាញថា កម្ទេចកម្ទីទម្ងន់ជាង ៥០លានតោនសល់ពីការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែល អាចត្រូវការចំណាយពេល ២១ឆ្នាំ និងត្រូវការចំណាយប្រាក់រហូតដល់ ១,២ពាន់លានដុល្លារ ៕