ក្រុមហ៊ុនថាមពលឯកជនធំបំផុត DTEK របស់អ៊ុយក្រែន និយាយថា ពួកគេមានគម្រោងវិនិយោគទុនទឹកប្រាក់ ៤៧០លានដុល្លារ ដើម្បីពង្រីកកសិដ្ឋានខ្យល់នៅជិតតំបន់ឆ្នេរសមុត្រខ្មៅ ជាការបង្កើនសម្ថភាពរបស់វា ។
ក្រុមហ៊ុន DTEK ដែលភាគច្រើននៃសមត្ថភាពបង្កើតថាមពលរបស់ខ្លួន ត្រូវបានខូចខាត ឬបំផ្លិចបំផ្លាញដោយសារការទម្លាក់គ្រាប់បែករុស្ស៊ី និយាយថា ពួកគេនឹងពង្រីករោងចក្រថាមពលខ្យល់ Tyligulska របស់ខ្លួន ពីកម្រិតថាមពលកម្លាំង ១១៤មេហ្គាវ៉ាត់ រហូតដល់កម្លាំង ៥០០មេហ្គាវ៉ាត់ ។
ក្រុមហ៊ុនដែលគ្រប់គ្រងដោយលោក Rinat Akhmetov គឺជាមហាសេដ្ឋីមានជាងគេបំផុតរបស់អ៊ុយក្រែន និយាយថា ពួកគេបានឈានដល់ការផ្តល់ហិរញ្ញប្បទានជាមួយម្ចាស់កម្ចី សម្រាប់ការទិញទួរប៊ីនខ្យល់ ៦៤គ្រឿងពីក្រុមហ៊ុនផលិតដាណឺម៉ាក Vestas ។
ក្រុមហ៊ុន និយាយថា ការវិនិយោគទឹកប្រាក់ ៤៧០លានដុល្លារ បានមកពីប្រាក់កម្ចីធនាគារគាំទ្រដោយក្រុមហ៊ុនរដ្ឋដាណឺម៉ាក EIFO ខណៈក្រុមហ៊ុន DTEK ផ្តល់ហិរញ្ញប្បទានផ្សេងទៀត ៕