អស់រយៈពេល ៣០ឆ្នាំមកហើយដែលលោក Shemsi Gara បម្រើការជាកម្មករអណ្តូងរ៉ែធ្យូងថ្មនៅកូសូវ៉ូ ដោយស្រូបយកធូលីដែលគ្របដណ្តប់លើផ្ទៃមុខរបស់លោក ។ ជីវិតនៅផ្ទះ មិនល្អប្រសើរទាល់តែសោះ ដោយសាររោងចក្រថាមពលដែលផ្គត់ផ្គង់អណ្តូងរ៉ែ បានហុយផ្សែងលើភូមិរបស់គាត់ ។
លោក Gara បានទទួលមរណភាពកាលពីថ្ងៃអាទិត្យ នៅវ័យ ៥៥ឆ្នាំ រយៈពេល ៣ឆ្នាំនៃការព្យាបាលជំងឺមហារីកសួតពុំបានជោគជ័យរបស់លោក ។
នៅថ្ងៃចុងក្រោយរបស់លោក លោកលែងអាចដើរបានទៀតហើយ លោកក្អកឥតឈប់ឈរនៅផ្ទះ ទាំងការឈឺចាប់ ពេលដែលម៉ាស៊ីនបូមអុកស៊ីហ្សែនចូលទៅក្នុងខ្លួនរបស់លោក ។
អ្នកស្រី Xhejlane ដែលជាភរិយារបស់លោក Gara និងបានកាន់ទុក្ខនៅក្នុងបន្ទប់ទទួលភ្ញៀវជាមួយមិត្តភក្តិ និយាយថា អ្នកស្រីនៅតែនិយាយប្រាប់គាត់ថា អ្នកស្រីចង់ជួយខ្លាំងណាស់ ប៉ុន្តែអ្នកស្រីនៅតែមិនអាចជួយគាត់បានដដែល ។ ប្តីរបស់អ្នកស្រីនិយាយថា មានតែព្រះជាម្ចាស់មួយគត់ដែលដឹងថាតើការឈឺចាប់របស់គាត់ខ្លាំងបែបណា ។
ស្របពេលដែលប្រទេសជាច្រើននៅលើពិភពលោក ងាកទៅរកការកាត់បន្ថយការប្រើប្រាស់ប្រេងឥន្ធនៈហ្វូស៊ីល កង្វក់បរិយាកាសនៅបណ្តាលប្រទេសតំបន់បាល់កង់ខាងលិច នៅតែមានកម្រិតខ្ពស់ដដែល ដោយសារការកម្តៅផ្ទះសម្បែង រោងចក្រធ្យូងថ្មហួសសម័យ រថយន្តចាស់ និងកង្វះខាតថវិកាក្នុងការដោះស្រាយបញ្ហាមួយនេះ ។
យោងតាមគេហទំព័រដែលតាមដានគុណភាពខ្យល់នៅទូទាំងពិភពលោក បានឲ្យដឹងថា ទីក្រុងតូចៗដូចជារដ្ឋធានី Belgrade របស់ប្រទេសស៊ែរប៊ី និរដ្ឋធានី Sarajevo របស់បូស្នី តែងតែឈរនៅលើកំពូលតារាងកង្វក់បរិយាកាសសកលប្រចាំថ្ងៃជាញឹកញាប់ ៕