ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Donald Trump បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ ២៣ មករាសប្ដាហ៍នេះ ថា លោកចង់ជួបប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីទទួលបានការបញ្ចប់សង្គ្រាមជាមួយអ៊ុយក្រែន និងបង្ហាញពីបំណងចង់ធ្វើការឆ្ពោះទៅរកការកាត់អាវុធនុយក្លេអ៊ែរ។

អំឡុងយុទ្ធនាការបោះឆ្នោតខែវិច្ឆិកាឆ្នាំ២០២៤ លោក Trump បានប្រកាសជាច្រើនដងថា លោកនឹងមានកិច្ចព្រមព្រៀងមួយរវាងអ៊ុយក្រែន និងរុស្ស៊ី នៅថ្ងៃកាន់តំណែងដំបូងរបស់លោក។ក្រុមទីប្រឹក្សារបស់លោកឥឡូវទទួលស្គាល់ថាសង្គ្រាមនឹងត្រូវចំណាយពេលរាប់ខែដើម្បីដោះស្រាយ។

ប្រធានាធិបតីអាមេរិក លោក Donald Trump កាលពីថ្ងៃពុធ ២២ ខែមករា បាននិយាយថា លោកនឹងបន្ថែមពន្ធថ្មី ដែលជាការគំរាមដាក់ទណ្ឌកម្មរបស់លោក ចំពោះរុស្ស៊ី ប្រសិនបើប្រទេសនេះមិនឈានដល់កិច្ចព្រមព្រៀង ដើម្បីបញ្ចប់សង្គ្រាមរបស់ខ្លួន នៅអ៊ុយក្រែន ហើយលោកបានបន្ថែមថា ការអនុវត្តទាំងនេះក៏អាចមានចំពោះប្រទេសដែលមានចំណែករួមផ្សេងទៀតដែរ។

លោក Trump ដែលបានត្រឡប់ទៅអង្គុយកៅអីសេតវិមានវិញកាលពីថ្ងៃចន្ទទី២០មករា ២០២៥ បានប្រាប់វេទិកាសេដ្ឋកិច្ចពិភពលោកនៅទីក្រុង Davos ប្រទេសស្វីសតាមវីដេអូថា លោកពិតជាចង់ជួបប្រធានាធិបតី Putin ក្នុងពេលឆាប់ៗនេះ ដើម្បីបញ្ចប់សង្រ្គាមនោះ។
ថ្លែងនៅសេតវិមាននៅថ្ងៃដដែលនោះ លោក Trump បានប្រាប់ក្រុមអ្នកសារព័ត៌មានថា លោកបានត្រៀមខ្លួនជាស្រេចដើម្បីជួបលោក Putin ឱ្យបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីបញ្ចប់នូវអ្វីដែលលោកហៅថាសង្រ្គាមដ៏គួរឱ្យអស់សំណើច៕