ខ្យល់បក់យ៉ាងខ្លាំង និងលក្ខខណ្ឌអាកាសធាតុរាំងស្ងួតហួតហែង អាចបង្កបញ្ហាដល់ក្រុមពន្លត់អគ្គិភ័យ ដែលកំពុងប្រយុទ្ធទប់ទល់នឹងចំហេះព្រៃថ្មីនៅរដ្ឋកាលីហ្វ័រនីញ៉ាភាគខាងត្បូង នៅថ្ងៃព្រហស្បតិ៍ (២៣ មករា) សប្ដាហ៍នេះ រួមទាំងចំហេះមួយកន្លែងដែលបានឆាបឆេះយ៉ាងសន្ធោសន្ធៅកាលពីប៉ុន្មានថ្ងៃកន្លងទៅ និងបង្ខំឱ្យមានការជម្លៀសមនុស្សរាប់ម៉ឺននាក់នៅភាគខាងជើងទីក្រុង Los Angeles របស់សហរដ្ឋអាមេរិក។

មន្ទីរព្រៃឈើ និងការពារចំហេះរដ្ឋកាលីហ្វ័រនីញ៉ា ឬហៅថា Cal Fire បាននិយាយនៅលើគេហទំព័ររបស់ខ្លួនថា ចំហេះដែលគេឱ្យឈ្មោះថា ហ៊ូស (Hughes) ដែលមានចម្ងាយប្រហែល ៨០គីឡូម៉ែត្រ ភាគខាងជើងនៃទីក្រុង Los Angeles បានកើនឡើងដល់ផ្ទៃដីទំហំ ៤.១១៨ហិកតា ចាប់តាំងពីបានឆាបឆេះកាលពីព្រឹកថ្ងៃពុធមក។

ការិយាល័យ Cal Fire បន្ថែមថា អ្នកពន្លត់អគ្គិភ័យចំនួន ៤.០០០នាក់ ដែលកំពុងប្រយុទ្ធទប់ទល់នឹងអណ្ដាតភ្លើង អាចគ្រប់គ្រងបានតែ ១៤%ប៉ុណ្ណោះនៃចំហេះទាំងមូល។

អ្នកព្យាករនិយាយថា ក្រុមពន្លត់អគ្គិភ័យក្នុងចំហេះ Hughes និងចំហេះនៅតំបន់ Los Angeles ដ៏ធំពីរផ្សេងទៀត គឺ Palisades និង Eaton នឹងជួបបញ្ហាប្រឈមដោយកម្លាំងខ្យល់ខ្លាំងនៅតំបន់ Santa Ana ដែលមានល្បឿនរហូតដល់ ៨០គីឡូម៉ែត្រក្នុងមួយម៉ោង ជាមួយនឹងខ្យល់កន្រ្តាក់ឡើងដល់ជាង ១០៤គីឡូម៉ែត្រក្នុងមួយម៉ោង ហើយកម្រិតសំណើមធ្លាក់ចុះក្រោម ១០% ដល់ថ្ងៃសុក្រ (២៤ មករា) នេះ៕