ស្របពេលបទឈប់បាញ់ដ៏ផុយស្រួយនៅតំបន់ហ្កាហ្សាស្ទ្រីបនៅតែបន្ត ការឈ្លានពានរបស់អ៊ីស្រាអែលនៅតែបន្តតាមប្រមាញ់ជនជាតិប៉ាឡេស្ទីន ដែលឥឡូវនេះស្ថិតនៅក្នុងតំបន់ West Bank។

យោងតាមប្រភពក្នុងស្រុកបានឱ្យដឹងថា កងកម្លាំងរបស់អ៊ីស្រាអែលបានបើកការវាយប្រហារជាច្រើនលើទីក្រុងJenin ភាគខាងជើង។ការវាយឆ្មក់ដែលកំពុងបន្តបានធ្វើឱ្យប្រជាជនប៉ាឡេស្ទីនយ៉ាងហោចណាស់ ១២ នាក់បានស្លាប់ និងរាប់សិបនាក់រងរបួសចាប់តាំងពីថ្ងៃអង្គារសប្ដាហ៍នេះមក។

អង្គការសហប្រជាជាតិបានសម្តែងការព្រួយបារម្ភ ដោយព្រមានថា ការវាយប្រហារទាំងនេះអាចបណ្តាលឱ្យមានអ្នកស្លាប់ និងរបួសកាន់តែច្រើន និងការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ។

កងកម្លាំងកាន់កាប់របស់អ៊ីស្រាអែលបានបើកការវាយលុកចុងក្រោយរបស់ពួកគេនៅក្នុងទីក្រុង Jenin ជាតំបន់មួយដែលត្រូវបានគេមើលឃើញជាញឹកញាប់នៃការប៉ះទង្គិចគ្នារវាងកងកម្លាំងកាន់កាប់អ៊ីស្រាអែលនិងក្រុមប៉ាឡេស្ទីន ដោយបានសម្លាប់ជនជាតិប៉ាឡេស្ទីនពីរនាក់ទៀត។ ការវាយឆ្មក់បង្ហាញពីការបន្តនៃអំពើហិង្សា បើទោះបីជាមានក្តីសង្ឃឹមសម្រាប់ភាពស្ងប់ស្ងាត់បន្ទាប់ពីបទឈប់បាញ់នៅតំបន់ហ្កាហ្សាដែលបានចាប់ផ្តើមកាលពីថ្ងៃអាទិត្យមុនក៏ដោយ។
ក្រុមហាម៉ាស ប៉ាឡេស្ទីន បានរាយការណ៍ថាមានការប៉ះទង្គិចគ្នាយ៉ាងខ្លាំងក្លារវាងក្រុមអ្នកប្រយុទ្ធរបស់ខ្លួន និងកងទ័ពអ៊ីស្រាអែលនៅក្នុងភូមិ Arrabeh និងភូមិ Fahma ដែលស្ថិតនៅភាគនិរតីនៃទីក្រុង Jenin ក្នុងតំបន់ West Bank ។
យោងតាមរបាយការណ៍របស់ប៉ាឡេស្ទីន អំពើហិង្សាបានធ្វើឱ្យផ្នែកខ្លះនៃជំរំជនភៀសខ្លួន Jenin ស្ទើរតែគ្មានមនុស្សរស់នៅ។សកម្មភាពផ្តោតសំខាន់ៗរបស់អ៊ីស្រាអែល បានរួមបញ្ចូលការបញ្ជាឱ្យជម្លៀសទ្រង់ទ្រាយធំសម្រាប់សង្កាត់មួយចំនួន ខណៈពួកគេបានបង្ខំគ្រួសារនានាឱ្យជម្លៀសចេញក្រោមលក្ខខណ្ឌធ្ងន់ធ្ងរ៕