អ៊ីស្រាអែល និងក្រុមសកម្មប្រយុទ្ធហេសបូឡា បានប៉ះទង្គិចពាក្យសម្ដីគ្នាកាលពីថ្ងៃព្រហស្បតិ៍ (២៣ មករា) សប្ដាហ៍នេះ ដោយអ៊ីស្រាអែល លើកឡើងថា លក្ខខណ្ឌនៃបទឈប់បាញ់ជាមួយក្រុមហេសបូឡា មិនទាន់ត្រូវបានបំពេញ និងអនុវត្តឱ្យបានលឿនគ្រប់គ្រាន់ទេដោយសារតែមានការដកខ្លួនយឺតយ៉ាវ ខណៈក្រុមគាំទ្រដោយអ៊ីរ៉ង់មួយនេះបានជំរុញឱ្យដាក់សម្ពាធដើម្បីធានាថាកងទ័ពអ៊ីស្រាអែល ចាកចេញពីភាគខាងត្បូងលីបង់ ឱ្យទាន់ពេលវេលានៅត្រឹមថ្ងៃចន្ទ ២៧ មករា ដូចដែលបានកំណត់នៅក្នុងកិច្ចព្រមព្រៀង។

គួរបញ្ជាក់ថា កិច្ចព្រមព្រៀងបទឈប់បាញ់នេះចែងថា ទាហានអ៊ីស្រាអែល ត្រូវដកខ្លួនចេញពីភាគខាងត្បូងលីបង់ ខណៈក្រុមហេសបូឡា ត្រូវដកអ្នកប្រយុទ្ធ និងអាវុធរបស់ខ្លួនចេញពីតំបន់ ហើយកងទ័ពលីបង់ ត្រូវដាក់ពង្រាយនៅទីនោះ - លក្ខខណ្ឌទាំងអស់នេះត្រូវធ្វើក្នុងរយៈពេល ៦០ថ្ងៃ ដែលនឹងបញ្ចប់នៅថ្ងៃចន្ទ សប្ដាហ៍ក្រោយ វេលាម៉ោង ៤ព្រឹក (ម៉ោងក្នុងស្រុក)។

អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីស្រាអែល និយាយថា "កងទ័ពលីបង់ និងកងសន្តិភាព UN មិនបានជំនួសកងកម្លាំងហេសបូឡាលឿនគ្រប់គ្រាន់ទេ ហើយនៅមានការងារច្រើនទៀតត្រូវធ្វើ" ដោយបញ្ជាក់ថា អ៊ីស្រាអែល ចង់ឱ្យកិច្ចព្រមព្រៀងបន្ត។ ភាគីហេសបូឡាលើកឡើង មានការលេចធ្លាយថាអ៊ីស្រាអែលចង់ពន្យារពេលការដកខ្លួនលើសពីរយៈពេលបទឈប់បាញ់ ៦០ថ្ងៃ ហើយថាការរំលោភលើកិច្ចព្រមព្រៀងណាមួយនឹងមិនអាចទទួលយកបានទេ។

កិច្ចព្រមព្រៀងដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក និងបារាំង បានបញ្ចប់អរិភាពជាងមួយឆ្នាំដែលបង្កឡើងដោយសង្រ្គាមនៅតំបន់ហ្កាហ្សា។ ការប្រយុទ្ធគ្នានោះបានឈានដល់កម្រិតដ៏ខ្លាំងក្លាបំផុតជាមួយនឹងការវាយលុកដ៏ធំរបស់អ៊ីស្រាអែល ដែលបានជម្លៀសប្រជាជនជាង ១,២លាននាក់នៅក្នុងប្រទេសលីបង់ ហើយបានធ្វើឱ្យក្រុមហេសបូឡា ចុះខ្សោយយ៉ាងខ្លាំង៕