ប៉ូឡូញ៖ នាយករដ្ឋមន្ត្រីប៉ូឡូញបានចោទប្រកាន់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ថា ជាអ្នកនៅពីក្រោយវិបត្តិជនអន្តោប្រវេសន៍នៅព្រំដែននៃប្រទេសបេឡារុស្សជាមួយប៉ូឡូញ។ លោកនាយករដ្ឋមន្ត្រីប៉ូឡូញ Mateusz Morawiecki បាននិយាយថា មេដឹកនាំរបស់ប្រទេសបេឡារុសដែលជាសម្ព័ន្ធមិត្តជិតស្និទ្ធរបស់លោក Putin កំពុងរៀបចំឲ្យមានវិបត្តិ ប៉ុន្តែមានមេក្លោងនៅទីក្រុងមូស្គូ។

ជនអន្តោប្រវេសន៍យ៉ាងហោចណាស់ ២,០០០នាក់ជាប់គាំងនៅព្រំដែនក្នុងស្ថានភាពអាកាសធាតុត្រជាក់។ មេដឹកនាំបេឡារុស្សលោក Alexander Lukashenko បានបដិសេធការចោទប្រកាន់ដែលថា ខ្លួនកំពុងបញ្ជូនមនុស្សឆ្លងព្រំដែនដើម្បីសងសឹកចំពោះការដាក់ទណ្ឌកម្មរបស់សហភាពអឺរ៉ុប។ វីដេអូបង្ហាញពីហ្វូងមនុស្សនៅខាងប្រទេសបេឡារុស្ស នៅតាមរបងព្រំដែនជាមួយប៉ូឡូញហ៊ុមព័ទ្ធដោយបន្លាលួស។ អ្នកខ្លះព្យាយាមឆ្លងកាត់ទាំងបង្ខំដោយការប្រើកន្ទ្រៃកាត់មែកឈើ គល់ឈើ និងដោយកម្លាំងបាយ ខណៈឆ្មាំប៉ូឡូញការពារការព្យាយាមឆ្លងចូលដោយប្រើរបស់ដែលទំនងជាឧស្ម័នបង្ហៀរទឹកភ្នែក។ ជនអន្តោប្រវេសន៍ភាគច្រើនជាបុរសវ័យជំទង់ ប៉ុន្តែក៏មានស្ត្រី និងកុមារផងដែរដែលភាគច្រើនមកពីមជ្ឈិមបូព៌ា និងអាស៊ី។ ពួកគេកំពុងបោះជំរំតង់ស្នាក់នៅក្នុងប្រទេសបេឡារុស ខណៈជាប់គាំងនៅចំចំណុចកណ្ដាលនៃក្រុមឆ្មាំប៉ូឡូញនៅម្ខាង និងឆ្មាំបេឡារុសនៅម្ខាងទៀត៕
អត្ថបទ៖ សុខមាន