ប្រជាពលរដ្ឋប៉ាឡេស្ទីន នៅភាគខាងជើងតំបន់ហ្កាហ្សា បានរៀបចំជំរំតង់សម្រាប់ក្រុមគ្រួសារជនភៀសខ្លួននៅថ្ងៃព្រហស្បតិ៍ (២៣ មករា) រយៈពេលពីរថ្ងៃមុនពេលការពឹងថានឹងមានការវិលត្រឡប់ទ្រង់ទ្រាយធំទៅតំបន់លំនៅឋានរបស់ពួកគេវិញស្របតាមពេលវេលានៃកិច្ចព្រមព្រៀងបទឈប់បាញ់ រវាងអ៊ីស្រាអែល និងក្រុមហាម៉ាស។

នៅលើទីធ្លាដែលហ៊ុមព័ទ្ធដោយអគារដ៏ខ្ទេចខ្ទី បុរសមួយក្រុមបានចាប់ផ្តើមសង់តង់ពណ៌ស ដើម្បីទទួលក្រុមគ្រួសារដែលគ្រោងនឹងត្រឡប់ទៅភាគខាងជើងវិញនៅថ្ងៃសៅរ៍ (២៥ មករា) ស្អែកនេះ នៅពេលក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនហាម៉ាស នឹងដោះលែងចំណាប់ថ្នូរក្រុមទីពីរ ដោះដូរនឹងប្រជាជនប៉ាឡេស្ទីនរាប់សិបនាក់ដែលត្រូវបានអ៊ីស្រាអែល ចាប់ដាក់ពន្ធនាគារ។

ប្រជាជនប៉ាឡេស្ទីនជាច្រើនសែននាក់ ដែលរំពឹងថានឹងត្រឡប់ទៅតំបន់ហ្កាហ្សា ភាគខាងជើងវិញ នឹងត្រឡប់ទៅផ្ទះសម្បែងក្នុងគំនរបាក់បែក បន្ទាប់ពីការវាយលុករបស់យោធាអ៊ីស្រាអែលរយៈពេល ១៥ខែ ដែលបានបង្កការបំផ្លិចបំផ្លាញ និងបានសម្លាប់ប្រជាជនហ្កាហ្សា ជាង ៤៧.០០០នាក់។

ក្រុមហាម៉ាស បានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយនិយាយថា ការវិលត្រឡប់របស់ក្រុមគ្រួសារភៀសខ្លួន នឹងចាប់ផ្តើមបន្ទាប់ពីការដោះដូរនៅថ្ងៃសៅរ៍នេះបានបញ្ចប់ ហើយនៅពេលកងកម្លាំងអ៊ីស្រាអែល បានដកខ្លួនចេញពីផ្លូវឆ្នេរសមុទ្រទៅកាន់ភាគខាងជើង៕