អង្គការសហប្រជាជាតិ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (២៣ មករា) សប្ដាហ៍នេះថា សហរដ្ឋអាមេរិក នឹងចាកចេញពីអង្គការសុខភាពពិភពលោក WHO នៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៦ ខាងមុខនេះ បន្ទាប់ពីបានរជូនដំណឹងជាផ្លូវការអំពីការសម្រេចចិត្តដោយលោកប្រធានាធិបតី Donald Trump ដែលបានចោទប្រកាន់ទីភ្នាក់ងារនេះថា គ្រប់គ្រងមិនបានល្អជុំវិញបញ្ហាជំងឺរាតត្បាតកូវីដ១៩ និងវិបត្តិសុខភាពអន្តរជាតិផ្សេងទៀត។

លោក Trump បានប្រកាសពីជំហាននេះកាលពីថ្ងៃចន្ទ ប៉ុន្មានម៉ោងប៉ុណ្ណោះបន្ទាប់ពីលោកបានស្បថចូលកាន់តំណែងសម្រាប់អាណត្តិទីពីររយៈពេល ៤ឆ្នាំ។ WHO និងទីភ្នាក់ងារដទៃទៀត បានសម្ដែងការសោកស្តាយយ៉ាងខ្លាំងចំពោះការដកខ្លួនពីប្រទេសម្ចាស់ជំនួយដ៏ធំរបស់ខ្លួនមួយនេះ។

លោក Trump ត្រូវតែផ្តល់ការជូនដំណឹងរយៈពេលមួយឆ្នាំពីការដកសហរដ្ឋអាមេរិកចេញពីស្ថាប័នដែលមានមូលដ្ឋាននៅទីក្រុងហ្សឺណែវ ហើយបង់ថ្លៃសេវារបស់ទីក្រុងវ៉ាស៊ីនតោន ក្រោមសេចក្ដីសម្រេចរួមឆ្នាំ១៩៤៨ របស់សភាសហរដ្ឋអាមេរិក។

រហូតមកដល់ពេលនេះ សហរដ្ឋអាមេរិកគឺជាអ្នកគាំទ្រផ្នែកហិរញ្ញវត្ថុដ៏ធំបំផុតរបស់ WHO ដោយបានរួមចំណែកប្រហែល ១៨% នៃមូលនិធិសរុបរបស់ខ្លួន។ អ្នកជំនាញជាច្រើនក្នុង និងក្រៅអង្គការ WHO បានព្រមានថា ការចាកចេញរបស់អាមេរិក ទំនងជានឹងធ្វើឱ្យកម្មវិធីសុខភាពរងហានិភ័យនៅទូទាំងអង្គការ ជាពិសេសគឺជំងឺរបេង ដែលជាឃាតករជំងឺឆ្លងដ៏ធំបំផុតរបស់ពិភពលោក ក៏ដូចជាមេរោគអេដស៍ ឬជំងឺអេដស៍ និងបញ្ហាសុខភាពផ្សេងៗទៀត៕