លោកប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា លោកនឹងទាក់ទងមេដឹកនាំកូរ៉េខាងជើងលោក Kim Jong-un ម្តងទៀត ជាការកត់សម្គាល់មួយដែលបានលើកឡើងពីការរំពឹងទុកសម្រាប់ការបន្តនៃកិច្ចប្រជុំកំពូលរបស់លោកជាមួយមេដឹកនាំរបបឯកោមួយនេះ។

លោក Trump បានធ្វើអត្ថាធិប្បាយបែបនេះ ក្នុងអំឡុងបទសម្ភាសន៍របស់ទូរទស្សន៍ FOX News ដែលបានចាក់ផ្សាយកាលពីថ្ងៃព្រហស្បតិ៍សប្ដាហ៍នេះ ដោយហៅលោក Kim ថាជា "បុរសឆ្លាត" ជាការពិពណ៌នាបង្ហាញឱ្យឃើញពីទស្សនៈរបស់លោកដែលថាមេដឹកនាំកូរ៉េខាងជើងអាចជាបុគ្គលម្នាក់ដែលរូបលោកអាចប្រាស្រ័យទាក់ទងសម្រាប់ការចរចា។

នៅពេលសួរថាតើលោកនឹងជួបមេដឹកនាំកូរ៉េខាងជើងឬយ៉ាងណា លោកឆ្លើយថាលោកនឹងជួប។
លោកប្រធានាធិបតីថ្មី Trump ដែលបានជួបលោក Kim បីដងក្នុងអំឡុងពេលអាណត្តិដំបូងរបស់លោកដើម្បីពិភាក្សាពីកម្មវិធីអាវុធរបស់កូរ៉េខាងជើង ដែលដាក់ទណ្ឌកម្មដោយអង្គការសហប្រជាជាតិបានលើកឡើងដោយរីករាយកាលពីថ្ងៃចន្ទដើមសប្ដាហ៍នេះ ពីទំនាក់ទំនងអតីតកាលរបស់លោកជាមួយលោក Kim ដោយនិយាយថា មេដឹកនាំទាំងពីររូបចូលចិត្តគ្នាទៅវិញទៅមក។
លោកបានរំលឹកថា នៅពេលលោកចូលទៅក្នុងសេតវិមាន ដើម្បីជួបលោក Barack Obama កាលពីចុងឆ្នាំ ២០១៦ លោក Obama បានចាត់ទុកកូរ៉េខាងជើងថាជាការគំរាមកំហែងដ៏ធំបំផុត៕