ប៉េតង់៖ ក្រុមកីឡាការិនីប៉េតង់ជម្រើសជាតិកម្ពុជា ៤រូបបានចាកចេញពីមាតុភូមិទៅប្រទេសអេស្ប៉ាញហើយ កាលពីល្ងាចថ្ងៃទី៩-វិច្ឆិកាម្សិលមិញដើម្បីចូលរួមការប្រកួតកីឡាប៉េតង់ជើងឯកពិភពលោក (ផ្នែកនារី) ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២១ ខាងមុខ។ បេសកកម្មនេះដឹកនាំដោយឯកឧត្តម សុខ សប្បាយណា អគ្គលេខាធិការសហព័ន្ធកីឡាប៉ូល និងប៉េតង់កម្ពុជា អមជាមួយប្រតិភូ គ្រូបង្វឹក ពិសេសវត្តមានកីឡាការិនីឆ្នើមកម្ពុជា ៤រូបរួមមានអតីតម្ចាស់មេដាយមាសពិភពលោកឆ្នាំ២០១៧ អ៊ុក ស្រីមុំ, ស្រ៊ាង សុរ៉ាឃីម, អ៊ុន ស្រីយ៉ា និងកីឡាការិនី ឃួន យ៉ារី។

កញ្ញា គីន សំណាង អគ្គលេខាធិការសហព័ន្ធ បានរំលេចនូវស្នាដៃរបស់កីឡាករប៉េតង់ជម្រើសជាតិកម្ពុជាទាំង ៤រូបដែលសុទ្ធសឹងតែធ្លាប់ដណ្ដើមមេដាយពិភពលោក ជាក់ស្ដែងកីឡាការិនី អ៊ុក ស្រីមុំ ធ្លាប់ឈ្នះមេដាយមាស ១ និងសំរឹទ្ធ ៣។ កីឡាការិនី ស្រ៊ាង សុរ៉ាឃីម ធ្លាប់ឈ្នះមេដាយប្រាក់ ១ និងសំរឹទ្ធ ១ និងកីឡាការិនី អ៊ុន ស្រីយ៉ា ធ្លាប់ឈ្នះមេដាយសំរឹទ្ធ ៣ លើកលែងកីឡាការិនី ឃួន យ៉ារី ដែលពុំធ្លាប់ឈ្នះមេដាយពិភពលោក។ គួរដឹងថា កម្ពុជាបានបញ្ជូនក្រុមជម្រើសជាតិប៉េតង់ ២ក្រុមទៅចូលរួមការប្រកួតជើងឯកពិភពលោកឆ្នាំ២០២១ នៅទីក្រុង Santa Susanna ប្រទេសអេស្ប៉ាញគឺក្រុមបុរស និងនារី លើកលែងក្រុមយុវជនដែលមិនត្រូវបានបញ្ជូនទៅចូលរួម។ ចំពោះក្រុមនារីបានចាកចេញពីមាតុភូមិមុន ដ្បិតពួកគេត្រូវប្រកួតមុននាចុងសប្ដាហ៍នេះ ខណៈក្រុមបុរសគ្រោងនឹងចាកចេញពីកម្ពុជានាល្ងាចថ្ងៃទី១៦-វិច្ឆិកាដើម្បីចូលរួមការប្រកួតពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែវិច្ឆិកាខាងមុខ៕
អត្ថបទ៖ លី ឈុនឡា