លោកប្រធានាធិបតីរុស្ស៊ី Vladimir Putin មានការព្រួយបារម្ភកាន់តែខ្លាំងអំពីការការប៉ះពាល់ដល់សេដ្ឋកិច្ចក្នុងសម័យសង្គ្រាមរបស់រុស្ស៊ី ខណៈលោកប្រធានាធិបតីថ្មីរបស់អាមេរិក Donald Trump ជំរុញឱ្យបញ្ចប់ជម្លោះអ៊ុយក្រែន នេះបើតាមប្រភពចំនួនប្រាំដែលបានដឹងពីស្ថានភាព និងបានប្រាប់សារព័ត៌មាននានា។

សេដ្ឋកិច្ចរបស់រុស្ស៊ី ដែលត្រូវបានជំរុញដោយការនាំចេញប្រេង ឧស្ម័ន និងរ៉ែ បានកើនឡើងយ៉ាងរឹងមាំក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ បើទោះបីជាមានការដាក់ទណ្ឌកម្មជាច្រើនជុំរបស់លោកខាងលិចបន្ទាប់ពីការលុកលុយចូលអ៊ុយក្រែនក្នុងឆ្នាំ ២០២២ ក៏ដោយ។
ប៉ុន្តែសកម្មភាពក្នុងស្រុកកាន់តែតឹងតែងក្នុងរយៈពេលប៉ុន្មានខែថ្មីៗនេះ ដោយសារកង្វះកម្លាំងពលកម្ម និងអត្រាការប្រាក់ខ្ពស់ដែលត្រូវបានដាក់ចេញដើម្បីដោះស្រាយអតិផរណា ដែលបានកើនឡើងនៅក្រោមការចំណាយផ្នែកយោធា ស្របពេលសង្រ្គាមនៅអ៊ុយក្រែន កំពុងបន្តអូសបន្លាយ។

យោងតាមប្រភពពីរដែលធ្លាប់បានដឹងពីការគិតនៅក្នុងវិមានក្រឹមឡាំងបានឲ្យដឹងថា ដោយសារតែក្ដីបារម្ភខ្លាំងពីបញ្ហាអតិផរណា ទើបធ្វើឲ្យមន្ត្រីក្នុងចំណោមក្រុមឥស្សរជនរុស្ស៊ី គិតហាក់ចង់បានដំណោះស្រាយចរចាបញ្ចប់សង្គ្រាមនេះ ជាថ្នូរនឹងការបន្ធូរបន្ថយទណ្ឌកម្មដែលកំពុងរួបរឹតលើប្រទេសនៅអឺរ៉ុបខាងកើតមួយនេះ៕
