សភាប្រជាជនកំពូល (SPA) របស់កូរ៉េខាងជើង បានជួបប្រជុំគ្នារយៈពេល ២ថ្ងៃក្នុងសប្តាហ៍នេះ ហើយបានរាយការណ៍ អំពីសមិទ្ធិផលរបស់ខ្លួន ក្នុងអំឡុងឆ្នាំ២០២៤ ប៉ុន្តែប្រព័ន្ធផ្សព្វផ្សាយរដ្ឋ មិនបានលើកឡើង អំពីការផ្លាស់ប្តូរដែលត្រូវបានរំពឹងទុក ចំពោះរដ្ឋធម្មនុញ្ញ ដែលថា នឹងពង្រឹងគោលនយោបាយអរិភាពរបស់ខ្លួន ចំពោះកូរ៉េខាងត្បូង។

ហើយជាមួយគ្នានេះ ទីភ្នាក់ងារសារព័ត៌មានមជ្ឈិមកូរ៉េ (KCNA) មិនបានលើកឡើងថា តើមេដឹកនាំ លោកគីម ជុងអ៊ុន (Kim Jong Un) បានចូលរួមសម័យប្រជុំនេះដែរ ឬទេ ហើយក៏មិនបានរាយការណ៍ពីការសម្រេចណាមួយលើគោលនយោបាយការបរទេស ក្នុងនោះរួមទាំងផែនការសម្រាប់ការដោះស្រាយរបស់ខ្លួនជាមួយរដ្ឋបាលថ្មីរបស់សហរដ្ឋអាមេរិកផងដែរ។

ប្រព័ន្ធផ្សព្វផ្សាយ KCNA បានឲ្យដឹងថា សភាបានតែងតាំងនាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេស ហើយបានអនុម័តថវិការដ្ឋ សម្រាប់ឆ្នាំ២០២៥ ដែលនឹងបង្កើនការចំណាយរបស់រដ្ឋាភិបាលដល់ ១០៣,៨ភាគរយនៃឆ្នាំ២០២៤ ដែលមានរួមទាំងដើម្បីពន្លឿន «ការផ្លាស់ប្តូរដ៏សំខាន់ នៅក្នុងសមត្ថភាពការពារជាតិ» ផងដែរ។
យ៉ាងណាក្ដី សេចក្ដីរាយការណ៍នេះមិនបានផ្តល់ព័ត៌មានលម្អិត អំពីផែនការចំណាយលើវិស័យការពារជាតិនោះឡើយ។ ប្រព័ន្ធផ្សព្វផ្សាយ KCNA បានឲ្យដឹងបន្ថែមថា សភាបានអនុម័តវិសោធនកម្មរដ្ឋធម្មនុញ្ញដើម្បីប្តូរឈ្មោះតុលាការកំពូល និងការិយាល័យរដ្ឋអាជ្ញាជាន់ខ្ពស់។
គួររំលឹកថា សម័យប្រជុំ SPA ក្នុងឆ្នាំ២០២៤ បានកែប្រែរដ្ឋធម្មនុញ្ញ ដើម្បីកំណត់ប្រទេសកូរ៉េខាងត្បូងជា «រដ្ឋអរិភាព» ហើយបណ្ដាមន្ត្រី និងអ្នកជំនាញ នៅកូរ៉េខាងត្បូង បានរំពឹងទុកថា នឹងមានការអនុម័តការផ្លាស់ប្តូរបន្ថែមទៀតដែលអាចនាំឲ្យកើតឡើងនូវចំណាត់ការយោធាឈ្លានពាន នាពេលខាងមុខ៕