លោក Friedrich Merz ដែលជាបេក្ខជននាំមុខគេ ក្នុងបានក្លាយជាអធិការបតីបន្ទាប់របស់ប្រទេសអាល្លឺម៉ង់ កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) បាននិយាយថា ប្រទេសអ៊ុយក្រែនត្រូវតែឈ្នះសង្រ្គាមប្រឆាំងនឹងរុស្ស៊ី ដណ្ដើមយកដែនដីដែលបាត់បង់មកវិញ ហើយមានសិទ្ធិចូលរួមជាមួយសម្ព័ន្ធភាពយោធា ដោយសេរី។

លោក Merz បាននិយាយថា លោកចង់ឲ្យមានសន្តិភាព នៅអ៊ុយក្រែន ប៉ុន្តែមិនមែន «ក្នុងតម្លៃនៃការចុះញ៉មជាមួយមហាអំណាចចក្រពត្តិនិយម» នោះទេ ហើយបានសង្កត់ធ្ងន់ថា «អ៊ុយក្រែនត្រូវតែឈ្នះសង្គ្រាម» នេះ។ លោក Merz ដែលគណបក្សអភិរក្សនិយម CDU-CSU កំពុងនាំមុខក្នុងការស្ទង់មតិ នៅមុនការបោះឆ្នោតថ្ងៃទី២៣ ខែកុម្ភៈ របស់អាល្លឺម៉ង់ បានលើកឡើងថា៖ «សម្រាប់ខ្ញុំ ការឈ្នះមានន័យថា ស្ដារបូរណភាពដែនដីឡើងវិញ»។

លោកបានបញ្ជាក់បន្ថែមថា៖ «ការឈ្នះក៏មានន័យផងដែរថា អ៊ុយក្រែនត្រូវតែមានសេរីភាពពេញលេញ ក្នុងការជ្រើសរើសការសម្រេចផ្នែកនយោបាយរបស់ខ្លួន ហើយបើចាំបាច់ ចូលរួមជាមួយសម្ព័ន្ធភាពយោធា»។

គួរបញ្ជាក់ថា ទីក្រុងមូស្គូបានទាមទារឲ្យទីក្រុងគីវ បោះបង់មហិច្ឆតារបស់ខ្លួន ក្នុងការចូលរួមជាមួយអង្គការសន្ធិសញ្ញាអាត្លង់ទិកខាងជើង ឬអង្គការណាតូ (NATO) ហើយប្រគល់ដែនដីអ៊ុយក្រែនដែលរុស្ស៊ីបានកាន់កាប់។
ខណៈពេលដែលអាល្លឺម៉ង់ គឺជាប្រភពជំនួយដ៏ធំទី២ របស់អ៊ុយក្រែន ចាប់តាំងពីការលុកលុយពេញទ្រង់ទ្រាយធំរបស់រុស្ស៊ី បានចាប់ផ្តើមនៅក្នុងខែកុម្ភៈ ឆ្នាំ២០២២ ឥឡូវនេះការគាំទ្រនោះ គឺជាប្រធានបទនៃការជជែកពិភាក្សាដ៏ក្តៅគគុក នៅទីក្រុងប៊ែរឡាំង៕