កាលពីថ្ងៃព្រហស្បតិ៍ (ទី២៣ ខែមករា) ជនអន្តោរប្រវេសន៍ ដែលបានជាប់នៅភាគកណ្តាលប្រទេសម៉ិកស៊ិកបន្ទាប់ពីមានការលុបចោលកម្មវិធី CBP One របស់សហរដ្ឋអាមេរិក បានស្ថិតនៅក្នុងទីក្រុង Coatzacoalcos ជាប់នឹងផ្លូវរថភ្លើង ដោយកំពុងសម្រេចចិត្តថា តើពួកគេគួរបន្តស្នាក់នៅក្នុងប្រទេសនេះ និងតាំងទីលំនៅ ឬរង់ចាំឲ្យមានផ្លូវស្របច្បាប់ផ្សេងទៀត ដើម្បីបានទៅដល់សហរដ្ឋអាមេរិក។

គួរបញ្ជាក់ថា រដ្ឋបាលរបស់លោក Donald Trump កាលពីថ្ងៃចន្ទ (ទី២០ ខែមករា) បានបញ្ចប់កម្មវិធីដែលត្រូវបានគេស្គាល់ថា CBP One ដែលអនុញ្ញាតឲ្យជនអន្តោប្រវេសន៍មួយចំនួនដែលកំពុងរង់ចាំនៅក្នុងប្រទេសម៉ិកស៊ិកចូលសហរដ្ឋអាមេរិកដោយស្របច្បាប់ ដោយទទួលបានការណាត់ជួប នៅលើកម្មវិធីរបស់រដ្ឋាភិបាល។ កាលពីថ្ងៃអង្គារ (ទី២១ ខែមករា) រដ្ឋាភិបាលបាននិយាយថា ខ្លួនកំពុងដំណើរការឡើងវិញនូវពិធីសារការពារជនអន្តោប្រវេសន៍ (MPP) ជាគំនិតផ្តួចផ្តើមដែលបានបង្ខំអ្នកស្វែងរកសិទ្ធិជ្រកកោនមិនមែនជាម៉ិកស៊ិកឲ្យរង់ចាំ នៅក្នុងប្រទេសម៉ិកស៊ិក សម្រាប់ដំណោះស្រាយលើករណីរបស់ពួកគេ នៅសហរដ្ឋអាមេរិក។

ជនអន្តោប្រវេសន៍ដែលជាប់នៅទីនោះ បានចូលឆ្លងកាត់ភាគខាងត្បូងនៃប្រទេសនេះ ហើយកំពុងគិតជិះរថភ្លើង ដើម្បីបន្តដំណើររបស់ពួកគេទៅកាន់រដ្ឋធានី ដោយអ្នកខ្លះសង្ឃឹមថា នឹងអាចទទួលបានការងារ នៅទីនោះ ដើម្បីចិញ្ចិមជីវិត ខណៈរង់ចាំឱកាស ដើម្បីបានទៅដល់សហរដ្ឋអាមេរិក។

អង្គការនានា ដូចជា Doctors Without Borders (គ្រូពេទ្យគ្មានព្រំដែន) ជាដើម ដែលប្រតិបត្តិការ នៅក្នុងតំបន់នោះ បានស្នើឲ្យអាជ្ញាធរម៉ិកស៊ិក គិតគូរពីស្ថានភាពថ្មីរបស់ជនអន្តោប្រវេសន៍ និងផ្តល់ឱកាសឲ្យពួកគេទទួលបានភាពស្របច្បាប់នៅក្នុងប្រទេស ទទួលបានការងារ និងការពារពួកគេកុំឲ្យរងគ្រោះ ដោយសារក្រុមអន្ធពាល៕