ប្រធានាធិបតីអាមេរិក Donald Trump បាននិយាយថា កិច្ចសន្ទនារបស់លោកជាមួយប្រធានាធិបតីចិន លោក Xi Jinping កាលពីសប្តាហ៍មុន គឺមានលក្ខណៈរួសរាយប្រកបដោយមិត្តភាព ហើយលោកគិតថា អាមេរិកអាចឈានដល់កិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសចិន។

មេដឹកនាំនៃប្រទេសដែលមានសេដ្ឋកិច្ចធំជាងគេទាំងពីរ បានពិភាក្សាគ្នាអំពីបញ្ហាជាច្រើនរួមមាន បណ្ដាញសង្គម TikTok ពាណិជ្ជកម្ម និងកោះតៃវ៉ាន់ នៅក្នុងការហៅទូរសព្ទមួយមុនពេលលោក Trump ចូលកាន់តំណែងនៅថ្ងៃចន្ទ ២០ មករា។

លោក Trump បានហៅកិច្ចពិភាក្សាតាមទូរសព្ទរបស់ជាមួយលោក Xi នៅក្នុងបទសម្ភាសន៍ជាមួយ Fox News ដែលចាក់ផ្សាយកាលពីល្ងាចថ្ងៃព្រហស្បតិ៍ (២៣ មករា) សប្ដាហ៍នេះថា "ដំណើរការបានល្អ និងជាការសន្ទនាដ៏ប្រសើរ និងមានលក្ខណៈមិត្តភាពយ៉ាងរួសរាយ"។ នៅពេលត្រូវសាកសួរថាតើលោកអាចធ្វើកិច្ចព្រមព្រៀងជាមួយចិន ជុំវិញការអនុវត្តពាណិជ្ជកម្មដោយស្មើភាពបានឬទេ លោក Trump ឆ្លើយថា "យើងអាចធ្វើបាន"។

លោក Trump បន្ថែមថា លោកនឹងមិនប្រើពន្ធលើចិនទេ ប៉ុន្តែបានហៅពន្ធគយថាជា "អំណាចដ៏អស្ចារ្យ"។ ចាប់តាំងពីចូលកាន់តំណែងមក លោក Trump បាននិយាយពីពន្ធពិន័យ ១០% លើការនាំចូលរបស់ចិន ប៉ុន្តែទោះជាយ៉ាងណា លោកមិនបានដំឡើងពន្ធភ្លាមៗដូចដែលបានសន្យាក្នុងអំឡុងពេលយុទ្ធនាការឃោសនាបោះឆ្នោតរបស់ខ្លួនឡើយ៕