ចៅក្រមសហព័ន្ធ បានរារាំងរដ្ឋបាលរបស់លោក Donald Trump កាលពីថ្ងៃព្រហស្បតិ៍ (២៣ មករា) មិនឱ្យអនុវត្តបទបញ្ជាប្រតិបត្តិរបស់ប្រធានាធិបតីបក្សសាធារណរដ្ឋរូបនេះ ក្នុងការកាត់បន្ថយសិទ្ធិទទួលបានសញ្ជាតិពីកំណើតដោយស្វ័យប្រវត្តិ នៅក្នុងទឹកដីសហរដ្ឋអាមេរិក ដោយហៅបញ្ជានោះថា "មិនស្របតាមរដ្ឋធម្មនុញ្ញ" ។

ចៅក្រមតំបន់អាមេរិក លោក John Coughenour ដែលមានមូលដ្ឋាននៅទីក្រុង Seattle បានចេញដីកាហាមឃាត់បណ្តោះអាសន្ននោះ ស្របតាមការជំរុញរបស់រដ្ឋចំនួន៤ ដែលដឹកនាំដោយប្រជាធិបតេយ្យ - គឺរដ្ឋ Washington, Arizona, Illinois និង Oregon - ដើម្បីរារាំងរដ្ឋបាលមិនឱ្យអនុវត្តបទបញ្ជា ដែលលោក Trump បានចុះហត្ថលេខាកាលពីថ្ងៃចន្ទសប្ដាហ៍នេះ។

ចៅក្រមរូបនេះបានដាក់វិបត្តិផ្លូវច្បាប់ជាលើកដំបូងចំពោះគោលនយោបាយដ៏រឹងរូសស្តីពីអន្តោប្រវេសន៍ ដែលជាចំណុចកណ្តាលនៃអាណត្តិប្រធានាធិបតីទីពីររបស់លោក Trump ខណៈមេដឹកនាំអាមេរិករូបនេះនិយាយថានឹងប្ដឹងឧទ្ធរណ៍លើសេចក្ដីសម្រេចនោះ។

គួរបញ្ជាក់ថា បទបញ្ជាប្រតិបត្តិរបស់លោក Trump បានបញ្ជាឱ្យភ្នាក់ងាររបស់សហរដ្ឋអាមេរិក បដិសេធមិនទទួលស្គាល់សញ្ជាតិរបស់កុមារដែលកើតនៅក្នុងទឹកដីសហរដ្ឋអាមេរិក ប្រសិនបើទាំងម្តាយ និងឪពុករបស់ពួកគេមិនមែនជាពលរដ្ឋអាមេរិក ឬជាអ្នករស់នៅដោយអចិន្ត្រៃយ៍ស្របច្បាប់ទេនោះ៕