ភ្នាក់ងារអន្តោប្រវេសន៍របស់សហរដ្ឋអាមេរិក បានប្រមូលផ្តុំជនអន្តោប្រវេសន៍ដែលគ្មានឯកសារ ក៏ដូចជាពលរដ្ឋអាមេរិក នៅក្នុងការឆ្មក់ចូលកន្លែងធ្វើការមួយនៅទីក្រុង Newark រដ្ឋ New Jersey កាលពីថ្ងៃព្រហស្បតិ៍ (២៣ មករា) ដែលអភិបាលក្រុងនិយាយថា ពាក់ព័ន្ធនឹងការឃុំខ្លួនអតីតយុទ្ធជនយោធា និងការរំលោភសិទ្ធិរបស់ប្រជាជន។

ការឆ្មក់នោះគឺនៅក្នុងទីក្រុង Newark ដែលមានប្រជាជនច្រើនបំផុតនៃរដ្ឋ New Jersey ដែលត្រូវបានសាទរនាពេលកន្លងមកដោយអភិបាលក្រុង លោក Ras Baraka សម្រាប់គោលនយោបាយ "ទីជម្រក" របស់ខ្លួនក្នុងការការពារជនអន្តោប្រវេសន៍ ហើយសកម្មភាពនោះបានធ្វើតាមការសន្យារបស់លោកប្រធានាធិបតី Donald Trump ក្នុងការនិរទេសជនអន្តោប្រវេសន៍រាប់លាននាក់ ដែលរស់នៅសហរដ្ឋអាមេរិក ដោយខុសច្បាប់។

លោក Baraka បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា នៅក្នុងការចូលឆ្មក់លើគ្រឹះស្ថានអាជីវកម្មមួយនៅទីក្រុង Newark នៅខាងក្រៅទីក្រុងញូវយ៉ក ភ្នាក់ងារអនុវត្តច្បាប់អន្តោប្រវេសន៍ និងគយ (ICE) បានបរាជ័យក្នុងការចេញដីកា ខណៈពួកគេឃុំខ្លួន "អ្នកស្រុកគ្មានឯកសារ ក៏ដូចជាប្រជាពលរដ្ឋធម្មតា"។

អ្នកនាំពាក្យសេតវិមាន លោកស្រី Karoline Leavitt បាននិយាយនៅលើបណ្ដាញសង្គម X ថា រដ្ឋបាលលោក Trump បានចាប់ខ្លួនមនុស្សជាង ៥០០នាក់ កាលពីថ្ងៃព្រហស្បតិ៍ ដោយពណ៌នាពួកគេទាំងអស់នោះថាជា "ឧក្រិដ្ឋជនអន្តោប្រវេសន៍ខុសច្បាប់"៕