យោធាកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសុក្រ (២៤ មករា) សប្ដាហ៍នេះថា ខ្លួនសង្ស័យថាកូរ៉េខាងជើង កំពុងរៀបចំបញ្ជូនទាហានបន្ថែមទៀតទៅកាន់ប្រទេសរុស្ស៊ី ដើម្បីប្រយុទ្ធតតាំងនឹងកងកម្លាំងអ៊ុយក្រែន សូម្បីតែបន្ទាប់ពីទទួលរងការខាតបង់ធ្ងន់ធ្ងរ និងមើលឃើញទាហានរបស់ខ្លួនមួយចំនួនត្រូវបានចាប់ខ្លួនក៏ដោយ។

នាយសេនាធិការចម្រុះ (JCS) របស់ទីក្រុងសេអ៊ូល បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា "ខណៈរយៈពេល ៤ខែបានកន្លងផុតទៅសម្រាប់ការបញ្ជូនកងទ័ពសម្រាប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន ហើយមានការស្លាប់ របួស និងឈ្លើយសឹកជាច្រើនបានកើតឡើង កូរ៉េខាងជើងត្រូវសង្ស័យថាកំពុងពន្លឿនវិធានការតាមដាន និងរៀបចំសម្រាប់ការបញ្ជូនកងទ័ពបន្ថែម"។

ការវិភាគរបស់ក្រុម JCS មិនបានបញ្ជាក់ថា វិធានការតាមដានអ្វីដែលទីក្រុងព្យុងយ៉ាងអាចនឹងធ្វើនោះទេ។ JCS បន្ថែមថា កូរ៉េខាងជើងក៏កំពុងរៀបចំបាញ់បង្ហោះផ្កាយរណបចារកម្ម និងមីស៊ីលបាលីស្ទិកអន្តរទ្វីប (ICBM) បន្ថែម ប៉ុន្តែមិនមានសញ្ញាណាមួយនៃសកម្មភាពភ្លាមៗទេ ។

ទីក្រុងមូស្គូ និងទីក្រុងព្យុងយ៉ាង ដំបូងឡើយបានច្រានចោលរបាយការណ៍ពីការដាក់ពង្រាយទ័ពរបស់កូរ៉េខាងជើងនេះ ប៉ុន្តែប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន កាលពីខែតុលា មិនបានបដិសេធថាមានទាហានកូរ៉េខាងជើងស្ថិតនៅក្នុងរុស្ស៊ីទេ ហើយមន្ត្រីកូរ៉េខាងជើងម្នាក់បានលើកឡើងថា ការដាក់ពង្រាយបែបនេះនឹងជារឿងស្របច្បាប់៕