អ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក Esmaeil Baghaei បានថ្កោលទោសចំពោះចំណាត់ការរបស់សហរដ្ឋអាមេរិក ក្នុងការដាក់បញ្ចូលប្រទេសគុយបា ទៅក្នុងបញ្ជីរដ្ឋឧបត្ថម្ភភេរវកម្មរបស់ខ្លួន និងចាត់ទុកជាថ្មីនូវក្រុមហ៊ួទី នៅប្រទេសយេម៉ែន ជាអង្គការភេរវកម្មបរទេស។

លោកបានធ្វើការអត្ថាធិប្បាយ នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកពីគ្នា ដែលចេញផ្សាយដោយក្រសួងនេះ កាលពីថ្ងៃព្រហស្បតិ៍ ខណៈពេលដែលប្រតិកម្មទៅនឹងការសម្រេចរបស់ប្រធានាធិបតីសហរដ្ឋអាមេរិក ដែលទើបចូលកាន់តំណែងថ្មីលោក ដូណាល់ ត្រាំ (Donald Trump)ឲ្យចុះបញ្ជីប្រទេសគុយបា ជា«រដ្ឋឧបត្ថម្ភនៃអំពើភេរវកម្ម»កាលពីថ្ងៃចន្ទ និងនៅថ្ងៃពុធ បានបញ្ជាឲ្យក្រសួងការបរទេស កំណត់ជាថ្មី នូវក្រុមហ៊ួទី ជាអង្គការភេរវកម្មបរទេស» ដោយបានលុបចោលសេចក្តីសម្រេចដោយអ្នកកាន់តំណែងមុនរបស់លោកគឺ លោក ចូ បៃដិន (Joe Biden)។

លោក Baghaei បាននិយាយថា ការចោទប្រកាន់របស់សហរដ្ឋអាមេរិកប្រឆាំងនឹងគុយបា និងការបញ្ចូលប្រទេសនេះ នៅក្នុងបញ្ជីនៃ«រដ្ឋឧបត្ថម្ភនៃអំពើភេរវកម្ម» គឺ «មិនសមហេតុផល គ្មានមូលដ្ឋាន និងត្រូវបានច្រានចោល»។
លោកបានចង្អុលទៅប្រវត្តិសាស្ត្រដ៏យូររបស់សហរដ្ឋអាមេរិក ជុំវិញការដាក់ប្រទេសនានា ក្នុងបញ្ជីភេរវកម្ម «គ្មានមូលដ្ឋាន និងតាមអំពើចិត្ត»បែបនេះ ដើម្បីជំរុញគោលនយោបាយការបរទេសរបស់ខ្លួន ដោយការធ្វើឲ្យខូចកិត្តិយសដល់ប្រទេសដទៃទៀត ហើយបានពណ៌នាសកម្មភាពប្រឆាំងគុយបាចុងក្រោយបង្អស់ថា «ផ្ទុយនឹងគោលការណ៍និងបទប្បញ្ញត្តិនៃច្បាប់អន្តរជាតិ និងជាលេសមួយសម្រាប់ការដាក់ទណ្ឌកម្មឯកតោភាគី និងដ៏តឹងរ៉ឹងបំផុតប្រឆាំងនឹងប្រទេសឯករាជ្យ»។