អគ្គលេខាធិការអង្គការសហប្រជាជាតិលោក អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres) កាលពីថ្ងៃព្រហស្បតិ៍ បានសម្តែងការព្រួយបារម្ភអំពីការកើតឡើងវិញនៃអរិភាព ដោយចលនាបះបោរថ្ងៃទី ២៣ ខែមីនា (M23) នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោភាគខាងកើត (DRC) ខណៈដែលទីក្រុងមួយក្នុងតំបន់កំពុងរងការគំរាមកំហែង។

សេចក្តីថ្លែងការណ៍របស់អ្នកនាំពាក្យរបស់លោក អគ្គលេខាធិការ UN គឺ លោក Stephane Dujarric បានឲ្យដឹងថា លោក ហ្គុយតឺរេស បានថ្កោលទោសការវាយលុកជាថ្មី ដែលបានចាប់ផ្តើមដោយក្រុមឧទ្ទាម M23 នៅដើមឆ្នាំនេះ និងការពង្រីករបស់ខ្លួន ចូលទៅក្នុងខេត្ត North Kivu និង South Kivu រួមទាំងការ ដណ្តើមបានគ្រប់គ្រងទីក្រុង Sake នាពេលថ្មីៗនេះ ដោយបានបង្កើនការគំរាមកំហែងដល់ទីក្រុង Goma ដែលជារដ្ឋធានីរបស់ខេត្តNorth Kivu និងជាទីក្រុងសំខាន់មានប្រជាជនរស់នៅច្រើន។

ទីក្រុង Sake ដែលមានចម្ងាយប្រហែល ២០គីឡូម៉ែត្រពីទីក្រុង Goma ត្រូវបានគេចាត់ទុកថា ជារនាំងចុងក្រោយរបស់ទីក្រុង Goma ។ ក្រុមឧទ្ទាម M23 បានដណ្តើមយកទីក្រុង Goma មកគ្រប់គ្រង នៅចុងឆ្នាំ ២០១២ ។
ខណៈដែលការវាយលុកនេះ បានធ្វើឲ្យមានការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ ដល់ប្រជាជនស៊ីវិល និងបង្កើនហានិភ័យនៃសង្រ្គាមក្នុងតំបន់កាន់តែទូលំទូលាយ អគ្គលេខាធិការ បានអំពាវនាវឲ្យក្រុមឧទ្ទាម M23 បញ្ឈប់ការវាយលុករបស់ខ្លួនជាបន្ទាន់ ដកខ្លួនចេញពីតំបន់កាន់កាប់ទាំងអស់ និងគោរពតាមកិច្ចព្រមព្រៀងឈប់បាញ់ ដែលបានចូលជាធរមាន កាលពីខែសីហា ឆ្នាំ ២០២៤។