ជាផ្នែកមួយនៃកិច្ចព្រមព្រៀងឈប់បាញ់ រវាងប្រទេសអ៊ីស្រាអែល និងក្រុមហាម៉ាស ឈ្មោះរបស់ចំណាប់ថ្នូរ ៤នាក់ទៀត ត្រូវបានគេរំពឹងថា នឹងត្រូវបានប្រាប់ឲ្យដឹងនៅថ្ងៃសុក្រ (ទី២៤ ខែមករា) នេះ មុនពេលមានការដោះលែងពួកគេ នៅចុងសប្តាហ៍នេះ។
ការជួបជុំគ្នាយ៉ាងរំជួលចិត្ត បានផ្តល់ក្តីសង្ឃឹមដល់ជនជាតិអ៊ីស្រាអែល បន្ទាប់ពីបែកគ្នាយ៉ាងយូរ។ ចំណាប់ថ្នូរ ៣នាក់ បានវិលត្រឡប់មកផ្ទះវិញ កាលពីចុងសប្តាហ៍មុន បន្ទាប់ពីជាប់ឃុំរាប់រយថ្ងៃ នៅតំបន់ហ្កាហ្សា។ ប៉ុន្តែដោយសារដំណើរការដ៏យឺតនៃការអនុវត្តបទឈប់បាញ់នេះ ក្រុមគ្រួសារជាច្រើនទៀត នៅតែកំពុងរង់ចាំយ៉ាងអន្ទះសា។

ម្តាយរបស់ចំណាប់ថ្នូរឈ្មោះ Emily Damari ដែលទើបមានសេរីភាព គឺលោកស្រី Mandy Damari បាននិយាយថា៖ «សូមបន្តតស៊ូ ដើម្បីចំណាប់ថ្នូរនៅសល់ ៩៤នាក់ផ្សេងទៀតដែលចង់ត្រលប់មកផ្ទះវិញ។ មានគ្រួសារជាច្រើនទៀតដែលកំពុងរង់ចាំឱបមនុស្សជាទីស្រឡាញ់របស់ពួកគេ ឬប្រសិនបើពួកគេស្លាប់ សូមនាំសពពួកគេត្រឡប់មកវិញ ដើម្បីបញ្ចុះឲ្យបានត្រឹមត្រូវ»។
អំឡុងពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី លោក Donald Trump នាសប្តាហ៍នេះ សមាជិកគ្រួសារនៃជនជាតិអាមេរិក ៧នាក់ដែលនៅតែជាប់ឃុំ នៅតំបន់ហ្កាហ្សា បានស្វាគមន៍លោក Trump ទោះបីជាពួកគេមិនដឹងថា តើត្រូវចំណាយពេលយូរប៉ុណ្ណា ដើម្បីនាំយកមនុស្សជាទីស្រលាញ់របស់ពួកគេត្រលប់មកវិញ។
គួរបញ្ជាក់ថា ដំណាក់កាលទី១ នៃបទឈប់បាញ់ ត្រូវបានគេរំពឹងថា កើតមានឡើងអមជាមួយការដោះលែងចំណាប់ថ្នូរចំនួន ៣៣នាក់ ជាការអនុវត្តដ៏យឺតយ៉ាវ សម្រាប់អារម្មណ៍អន្ទះសារបស់ក្រុមគ្រួសារចំណាប់ថ្នូរ។
ចំណាប់ថ្នូរ ៣៣នាក់ កំពុងត្រូវបានដោះលែងដោយក្រុមហាម៉ាស ជាថ្នូរនឹងអ្នកទោសប៉ាឡេស្ទីនជិត ២.០០០នាក់ដែលកំពុងត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអ៊ីស្រាអែល។ ក្នុងរយៈពេល ២សប្តាហ៍ទៀត ភាគីទាំង២ នឹងចាប់ផ្តើមចរចាលើក្រុមចំណាប់ថ្នូរបន្ទាប់ ខណៈពិភពលោកកំពុងរង់ចាំមើលថា តើបទឈប់បាញ់នឹងមានប្រសិទ្ធភាពដែរ ឬអត់៕

