ក្រុមស្ត្រីអាហ្វហ្គានីស្ថានមួយក្រុម នៅថ្ងៃសុក្រនេះ បានសាទរចំពោះការសម្រេចចិត្តរបស់តុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICJ )ក្នុងការចាប់ខ្លួនមេដឹកនាំតាលីបង់ ជុំវិញការធ្វើទុក្ខបុកម្នេញលើស្ត្រី។
អគ្គរដ្ឋអាជ្ញានៃតុលាការឧក្រិដ្ឋកម្មអន្តរជាតិលោក Karim Khan បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានស្នើសុំដីកាចាប់ខ្លួនមន្ត្រីតាលីបង់ជាន់ខ្ពស់ពីររូប ក្នុងមានមេដឹកនាំ លោក Hibatullah Akhundzada ផងដែរ។
ចាប់តាំងពីពួកគេ បានត្រឡប់មកគ្រប់គ្រងប្រទេសឡើងវិញ នៅឆ្នាំ ២០២១ ក្រុមតាលីបង់ បានរារាំងស្ត្រីពីការងារ កន្លែងសាធារណៈភាគច្រើន និងការអប់រំលើសពីថ្នាក់ទី ៦ ។
នៅក្នុងសេចក្តីថ្លែងការណ៍មួយ ចលនាស្ត្រីអាហ្វហ្គានីស្ថាន ដើម្បីយុត្តិធម៌ និងការយល់ដឹង បានអបអរសាទរការសម្រេចរបស់តុលាលារ ICC ហើយបានហៅវាថា ជា«សមិទ្ធិផលប្រវត្តិសាស្ត្រដ៏អស្ចារ្យ»។
ក្រុមនេះ បាននិយាយថា៖យើងចាត់ទុកសមិទ្ធិផលនេះ ជានិមិត្តរូបនៃភាពរឹងមាំ និងឆន្ទៈរបស់ស្ត្រីអាហ្វហ្គានីស្ថាន ហើយជឿថា ជំហាននេះ នឹងចាប់ផ្តើមសករាជថ្មីនៃការទទួលខុសត្រូវ និងយុត្តិធម៌ នៅក្នុងប្រទេសនេះ។
រដ្ឋាភិបាលតាលីបង់ មិនទាន់ធ្វើអត្ថាធិប្បាយអំពីការសម្រេចរបស់តុលាការនេះ នៅឡើយទេ។
នៅពីថ្ងៃសុក្រនេះដែរ បេសកកម្មរបស់អង្គការសហប្រជាជាតិ នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន បាននិយាយថា នេះគឺជា«សោកនាដកម្ម និងគួរឲ្យអាម៉ាស់» ដែលក្មេងស្រីនៅតែមិនបានទទួលការអប់រំ។