ភ្នំពេញ៖ សាលាដំបូងរាជធានីភ្នំពេញ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ទាក់ទិនករណីរំលោភលើទំនុកចិត្ត និងបទបរិហារកេរ្តិ៍ជាសាធារណៈ ។
ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ លោក សេង លាង កាលពីថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន ឧកញ៉ា លី សាយឃាង ដែលពាក់ព័ន្ធនឹងករណីរំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ២០១៨ និងអំឡុងឆ្នាំ២០១៩ ទៅតាមបទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ។
នៅក្នុងដីកាបង្គាប់ឲ្យនាំខ្លួនលេខ ១០៩២ “ធ” ដចន របស់លោក សេង លាង ជាចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ យល់ឃើញថា ជនត្រូវចោទឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ជាប់ចោទពីបទ រំលោភលើទំនុកចិត្ត និងបរិហារកេរ្តិ៍ជាសាធារណៈ ប្រព្រឹត្តនៅឃុំអូរបីជាន់ ស្រុកអូរជ្រៅ សង្កាត់និមិត្ត និងសង្កាត់ផ្សារកណ្តាល ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ កាលពីអំឡុងឆ្នាំ ២០១៨ និងអំឡុងឆ្នាំ ២០១៩ បទល្មើសដែលមានចែងឱ្យផ្តន្ទាទោសតាមមាត្រា ៣៩១ មាត្រា ៣៩២ និងមាត្រា ៣០៥ នៃក្រមព្រហ្មទណ្ឌ ហេតុដូច្នេះ ដើម្បីធានាដល់ការស៊ើបសួរឱ្យបានពេញលេញ គប្បីសម្រេចនាំខ្លួនឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ មកចំពោះចៅក្រមស៊ើបសួរដើម្បីធ្វើការសាកសួរបំភ្លឺការពិត។
ចៅក្រមស៊ើបសួរបានសម្រេច២ចំណុច គឺ១ បង្គាប់ឲ្យនាំឈ្មោះ លី សាយឃាង ភេទប្រុស អាយុ ៥៨ឆ្នាំ ជនជាតិខ្មែរ ដែលមានអត្តសញ្ញាណខាងលើនេះ និងចំណុចទី២ បង្គាប់ទៅកងកម្លាំងសាធារណៈ ឲ្យចាប់ និងនាំខ្លួនឈ្មោះលី សាយឃាង ប្រគល់ជូនសាលាដំបូងរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២១ ដើម្បីចាត់ការតាមច្បាប់៕



