បុរសជាជនបរទេសម្នាក់ បានបាត់បង់ជីវិត ខណៈបុរស ៤នាក់ផ្សេងទៀត បានរងរបួស ក្នុងហេតុការណ៍បាញ់ប្រហារ នៅឆ្នេរមួយ ក្នុងទីក្រុង Selangor ប្រទេសម៉ាឡេស៊ី។ ជនរងគ្រោះ រួមមានទាំងជនបរទេស ៣នាក់ដែលបានព្យាបាលនៅមន្ទីរពេទ្យ Sultan Idris Shah នៅថ្ងៃសុក្រ (ទី២៤ ខែមករា)។
ស្នងការនគរបាលរដ្ឋ Selangor លោក Datuk Hussein Omar Khan បាននិយាយថា ឧបទ្ទវហេតុនេះបានកើតឡើងនៅជិតឆ្នេរ Morib នាពេលព្រឹក។ ពេលត្រូវបានទាក់ទងទៅសួរអំពីករណីនេះ លោកស្នងការបាននិយាយថា៖ «រហូតមកដល់ពេលនេះ ខ្ញុំអាចបញ្ជាក់បានថា បុរសម្នាក់បានស្លាប់ ខណៈ ៤នាក់ផ្សេងទៀត រងរបួស បន្ទាប់ពីត្រូវបានបាញ់ប្រហារ»។
អមដោយការបន្ថែមថា នគរបាលកំពុងស៊ើបអង្កេតហេតុការណ៍នេះ លោកបានប្រាប់បន្ថែមថា៖ «ជនរងគ្រោះមា្នក់ដែលរងរបួស ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Klang ខណៈដែលអ្នករបួស ៣នាក់ផ្សេងទៀត ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យ Sultan Idris Shah»។
ប្រភពនានាបានប្រាប់សារព័ត៌មាន The Star ថា ពួកគេមិនមានឯកសារបញ្ជាក់អត្តសញ្ញាណណាមួយឡើយ។ ប្រភពដដែលបានបន្ថែមថា ជនរងគ្រោះ ៣នាក់ បានផ្តល់ហេតុផលពីការមានទំនាស់គ្នា នៅពេលត្រូវបានសួរនាំពីរបួស ហើយនៅពេលពិនិត្យ ក៏ឃើញថា ត្រូវបានបាញ់។ រដ្ឋបាលមន្ទីរពេទ្យ ក៏បានដាក់របាយការណ៍នេះទៅនគរបាលផងដែរ៕